ការវេចខ្ចប់ផ្លែស្លានក្លែងក្លាយ ម៉ាក KOUWEIWANG ជនជាតិចិន ២រូបត្រូវដោះលែងវិញ ក្រោយបញ្ចប់ការស៊ើបសួរ។
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ បានធ្វើការដោះលែង ឈ្មួញជនជាតិចិន២នាក់ ពាក់ពន្ធករណីប្រកបមុខរបររកស៊ីទុច្ចរិត ក្លែងបន្លំម៉ាកវេចខ្ចប់ស្លានចិនក្លែងក្លាយ ឲ្យមានសេរីភាពវិញ ក្រោយពីបញ្ចប់បើកការស៊ើបសួរ ។ ជនសង្ស័យជនជាតិចិន២ នាក់នោះម្នាក់ឈ្មោះ Liu Zhitai ភេទប្រុស អាយុ៣២ ឆ្នាំ និងម្នាក់ឈ្មោះ So Wen ភេទប្រុស អាយុ៤២ ឆ្នាំ ។
គួររំលឹក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចជំនាញការិយាល័យប្រឆាំង បទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតនៅបុរីខេភី ម៉នដានី ផ្ទះលេខ១២ ផ្លូវលេខ៣ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណីវេចខ្ចប់ ផលិតផលផ្លែស្លានកញ្ចប់ក្លែងក្លាយ ។
ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង បានរកឃើញនូវឧបករណ៍សម្ភារ: បំរើឲ្យការងារវេចខ្ចប់ និងផលិត ចំនួន ៨៩,៥ គីឡូក្រាម ម៉ាស៊ីនវេចខ្ចប់ចំនួន០២គ្រឿង និងកុំព្យូទ័រយួរដៃចំនួន០១គ្រឿង ។ បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចធ្វើការដកហូតសម្ភារ:ទាំងអស់ ដោយយកទៅរក្សាទុក នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យស្រាវជ្រាវបន្តរង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច ហើយបាននាំខ្លួនម្ចាស់ទីតាំង០២រូប ជាជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់ ។
ទន្ទឹមគ្នានេះ សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋ សហការក្នុងការផ្តល់ព័ត៌មាន ប្រសិនបានដឹងពីការផលិត កែច្នៃ ឬលក់ចែកចាយ នូវផលិតផលសង្ស័យថាខុសច្បាប់ មកដល់សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 012 456 966 ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលា ជៀសវាងការប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋ ៕