បាញ់តគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ឆ្លងកាត់ព្រំដែនអ៊ីស្រាអែល-លីបង់ ជាថ្ងៃទីបី។
បរទេស ៖ រយៈពេលបីថ្ងៃជាប់ៗគ្នា កងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា បានបាញ់តគ្នាទីវិញទៅមកឆ្លងកាត់ព្រំដែនអ៊ីស្រាអែល-លីបង់ ហើយកាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបាននិយាយថា ទាហានរបស់ខ្លួនជាច្រើននាក់បានរងរបួស បន្ទាប់ពីមានការផុតកំណត់បទឈប់បាញ់រវាងប្រទេសនេះ ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សា ។
ទាហានរបស់ខ្លួនរងរបួសស្រាល នៅពេលដែលមីស៊ីលប្រឆាំងរថក្រោះមួយគ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ធ្លាក់មកលើរថយន្តមួយគ្រឿងនៅតំបន់ Beit Hillel ភាគខាងជើងប្រទេសអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍យោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបាញ់កាំភ្លើងធំបកទៅវិញ។ ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅទៅលើទីតាំងជាច្រើនកន្លែងរបស់អ៊ីស្រាអែល ជាអ្វីដែលខ្លួនហៅថា ជាការប្រើប្រាស់អាវុធដ៏ត្រឹមត្រូវ បើតាមយោធាអ៊ីស្រាអែលបានលើកឡើង ។
បន្ទាប់ពីការផ្ទុះសង្រ្គាមរវាងក្រុមហាម៉ាស-អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ក្រុមហេសបូឡា បានវាយប្រហារដោយគ្រាប់រ៉ុក្កែតស្ទើរតែរៀងរាល់ថ្ងៃ លើទីតាំងជាច្រើនរបស់អ៊ីស្រាអែល នៅតាមព្រំដែន ខណៈ អ៊ីស្រាអែល វាយប្រហារតាមអាកាស និងកាំភ្លើងធំ នៅភាគខាងត្បូងប្រទេសលីបង់។ ប៉ុន្តែព្រំដែនបានស្ងប់ស្ងាត់ភាគច្រើនក្នុងអំឡុងពេលបទឈប់បាញ់ រយៈពេលមួយសប្តាហ៍នៅហ្កាហ្សា ដែលបានផុតកំណត់កាលពីថ្ងៃសុក្រ ។
វាជាការប្រយុទ្ធគ្នាដ៏ឃោឃៅបំផុតចាប់តាំងពីសង្គ្រាមឆ្នាំ២០០៦ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស។ មនុស្សជាង១០០នាក់ នៅក្នុងប្រទេសលីបង់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នា ដែល៨៣នាក់ក្នុងចំណោមនេះជាអ្នកប្រយុទ្ធក្រុមហេសបូឡា។ មនុស្សរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីព្រំដែននៃភាគីទាំងសងខាង ៕