ការប្រកាសដាក់ឱ្យប្រើប្រាស់ QR Code រវាង កម្ពុជា-វៀតណាម សម្រាប់ការទូទាត់ឆ្លងដែន នៃប្រទេសទាំងពីរ។

សៀមរាប ៖ ការប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ជាផ្លូវការ រវាង កម្ពុជា-វៀតណាម ដើម្បីផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋប្រទេសទាំងពីរ សម្រាប់ប្រតិបត្តិការទូទាត់ឆ្លងដែន។

លោកជំទាវបណ្ឌិត ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជា សិរី  និងលោកជំទាវ ទេសាភិបាលធនាគាររដ្ឋវៀតណាម Nguyen Thi Hong កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ និងការប្រកាសដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែន តាម ឃ្យូអរកូត (QR Code) ជាផ្លូវការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយម វៀតណាម នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ ដោយកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំក្នុងគោល បំណងពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។ ក្នុង​ស្មារតី​កិច្ច​សហ-ប្រតិបត្តិការកាន់តែប្រសើរ ការផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយ រូបិយវត្ថុ និងដំណើរការអភិវឌ្ឍន៍វិស័យធនាគារ នៃប្រទេសទាំងពីរផងដែរ។

នាឱកាសនេះដែរ ទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសទាំងពីរ ក៏បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យប្រើ ប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ជាផ្លូវការរវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាមផងដែរ។ តាមរយៈគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដែលប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ប្រជាជន​កម្ពុជា​ដែល​មានគណនី ធនា គារជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ក្នុង​ប្រតិបត្តិការ​ទូទាត់ជាប្រាក់ដុងវៀតណាម ដោយស្កេន Viet QR Code របស់ ពាណិជ្ជករ ឬ​នៅ​តាម​បណ្តា​ហាងទំនិញ-សេវាកម្ម នៅប្រទេសវៀតណាម ។ ដូចគ្នានេះដែរ ប្រជាជន​វៀតណាម​ដែល​មាន​គណនីធនាគារ ជាប្រាក់ដុងវៀតណាម ក៏អាចស្កេនខេអេចឃ្យូអរកូត (KHQR Code) របស់​ពាណិជ្ជករ ឬនៅតាមហាងទំនិញ-សេវាកម្មនៅប្រទេស កម្ពុជា ដោយប្រើប្រាស់​កម្ម​វិធី​ធនាគារ​ចល័ត ដើម្បីទូទាត់ថ្លៃទំនិញឬសេវាកម្មជាប្រាក់រៀលផងដែរ។

គួរបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏រឹងមាំ និង​ជិតស្និទ​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេសទាំងពីរ បន្ទាប់ពីបាន ចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការ​ផ្នែក​នវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់” រវាងធនាគារ ជាតិនៃកម្ពុជា និងធនាគារ​រដ្ឋ​វៀតណាម កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់​នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕