ការជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ពីរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ឲ្យគោរពច្បាប់អន្តរជាតិ
ICC ៖ កាលពីថ្ងៃអាទិត្យ ទី០៣ ខែធ្នូ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានអំពាវនាវឱ្យភាគីទាំងពីរ នៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ ។
លោក ខារីម ខាន់ (Karim Khan) រដ្ឋអាជ្ញាតុលាការ ICC បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ទីតាំងនៃការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា នៅអ៊ីស្រាអែល និងទៅកាន់តំបន់វេស បែង ដែលកាន់កាប់ដោយក្រុមអាជ្ញាធរប៉ាឡេស្ទីន ថា «ភាគីទាំងអស់ត្រូវតែគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយប្រសិនបើអ្នកមិនធ្វើដូច្នេះទេ កុំត្អូញត្អែរនៅពេលដែលការិយាល័យរបស់យើងត្រូវបានតម្រូវឱ្យធ្វើសកម្មភាព»។
បទឧក្រិដ្ឋកម្មសង្គ្រាម និងចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស ត្រូវបានធ្វើឡើងលើភាគីជម្លោះទាំងសងខាងចាប់តាំងពីខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយលុកសហគមន៍អ៊ីស្រាអែល ជាច្រើនកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។
ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស ព្រមទាំងការលុកលុយដោយរថក្រោះ និងកងទ័ពជើងគោក នៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង ១៥.០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន៕