សម្តេចនាយករដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាលនឹងលើកកម្ពស់ ជនមានពិការភាពឲ្យក្លាយជាអ្នកនយោបាយ និងមន្រ្តីរាជការកាន់តែច្រើន
ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនឹងខិត ខំជំរុញ និងលើកកម្ពស់ដល់បងប្អូនមានពិការភាពឲ្យក្លាយទៅជាអ្នកនយោបាយ មន្រ្តីរាជការ ឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានកំណត់កូតារហូតដល់២ភាគរយ សម្រាប់ជ្រើសរើសបងប្អូនជនពិការឲ្យបម្រើកិច្ចការងារ នៅតាមក្រសួងស្ថាប័ននានារួមទាំងវិស័យឯកជននោះ។
នាពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្នុងឱកាសអញ្ជើញជាអធិបតី ក្រោមប្រធានបទ«ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ រាជរដ្ឋាភិបាលនឹងបង្កើនការវិនិយោគទុនដល់បងប្អូនមានពិការភាពនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ផ្តល់ឱកាសឲ្យពួកគាត់ក្លាយទៅជាមន្រ្តីរាជការ រួមទាំងកិច្ចការងារជាច្រើនទៀតនៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពនៅក្នុងក្រុមគ្រួសាររបស់ពួកគាត់ឲ្យកាន់តែទូលំទូលាយនៅក្នុងសង្គម។
ទន្ទឹមគ្នានោះដែរ សម្តេចធិបតី ក៏បានណែនាំបន្ថែមគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ដៃគូពាក់ព័ន្ធ ត្រូវរៀបចំពិធីមិទ្ទីង ពិធីជួបសំណេះសំណាលជាមួយ ជនមានពិការភាព កម្មវិធីកម្សាន្តសប្បាយសម្រាប់ជនមានពិការភាពនៅតាមក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួនផងដែរ។
សូមបញ្ជាក់ថា ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១,៣ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយតែងតែជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃចាប់ពីឆ្នាំ១៩៥០រហូតដល់បច្ចុប្បន្ន សំដៅផ្លាស់ប្តូរស្ថានភាពរស់នៅ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាពនិងគ្រប់វិស័យក្នុងសង្គម រួមមានសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និងកីឡាជាដើម៕