ការប្រមូលផ្ដុំគ្នារបស់ពលរដ្ឋអ៊ីស្រាអែល ទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរបន្ថែមទៀត។
អ៊ីស្រាអែល ៖ កាលពីសប្តាហ៍មុន ចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ ដែលត្រូវបានដោះលែង ដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានបង្ហាញខ្លួននៅលើឆាកនៅឯការប្រមូលផ្តុំគ្នាមួយ នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ថ្ងៃទី២ ខែធ្នូ បានអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំ ដែលនៅសេសសល់ជាបន្ទាន់ ។
នៅឯការជួបជុំមួយក្នុងទីក្រុង Tel Aviv នៅខាងក្រៅទីស្នាក់ការការពារជាតិរបស់អ៊ីស្រាអែល មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា ជាទីដែលពួកគេបានអបអរសាទរអ្នកស្រី យេឡេណា ទ្រូប៉ាណាវ (Yelena Trupanov )វ័យ៥០ ឆ្នាំ ដែលបានឈរនៅលើឆាកត្រឹមតែពីរថ្ងៃ បន្ទាប់ពីត្រូវបានដោះលែងដោយក្រុមហាម៉ាស។
អ្នកស្រីបាននិយាយផង ស្រែកផង ថា អ្នកស្រីមកអរគុណអ្នក ព្រោះបើគ្មានអ្នក ខ្ញុំនឹងមិនអាចមកឈរនៅទីនេះទេ។ ឥឡូវនេះ យើងត្រូវតែនាំ កូនប្រុសរបស់អ្នកស្រីឈ្មោះ Sasha និងអ្នកទាំងអស់គ្នាមកផ្ទះវិញ។
ការអង្វរស្រដៀងគ្នាពីចំណាប់ខ្មាំង ដែលត្រូវបានដោះលែងផ្សេងទៀតត្រូវបានបង្ហាញនៅលើវីដេអូ មុនពេលហ្វូងមនុស្សលើកភ្លើងពិលទូរស័ព្ទដៃរបស់ពួកគេឡើងលើ ហើយច្រៀងចម្រៀងជាតិ ។
បទឈប់បាញ់រយៈពេល៧ថ្ងៃ ក្នុងអំឡុងក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរជាង ១០០ នាក់បានផុតកំណត់កាលពីថ្ងៃសុក្រ ទី ១ ខែធ្នូ ។
យោងតាមក្រុមអាជ្ញាធរក្នុងតំបន់ ជនជាតិអ៊ីស្រាអែល និងជនបរទេស ជាង ២៤០ នាក់ ត្រូវបានក្រុមហាម៉ាស ចាប់នាំចូលទៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី ៧ ខែតុលា អំឡុងវាយប្រហារឆ្លងព្រំដែនសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រមាណ១.២០០នាក់ ៕