សម្ដេចធិបតី ក្នុងឱកាសទិវាជនមានពិការភាពឆ្នាំនេះ អំពាវនាវដល់ក្រសួង និងភាគីពាក់ព័ន្ធ ៧ ចំណុច ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោម​ប្រធាន​បទ «ដំណោះស្រាយប្រកបដោយ នវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០២៣ និងដើម្បីចូលរួមអបអរសាទរ ទិវាជន​មាន​ពិការភាព​កម្ពុជា និង​អន្តរជាតិ​ឆ្នាំ​នេះស​ម្ដេច​បានអំពាវនាវដល់ក្រសួងស្ថាប័នភាគីពាក់ព័ន្ធ ៧ ចំណុច ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការភាព​ឆ្នាំនេះ រួមមាន៖

ទី១-ត្រូវ​បង្កើន​ការ​ធ្វើ​វិយោគ​ទុន​លើ​ជន​មានពិការភាព និង​បន្ត​កសាង​ធនធាន​ជន​មាន​ពិការ​ភាព​បន្ថែម​ទៀត រាប់ទាំង ការ​គិត​គូរ​កម្ម​វិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានា​ថា​ជន​​មាន​ពិការភាព​អាច​រស់​នៅ​ក្នុង​សង្គម​កម្ពុជា ដោយសមធម៌ មានឱកាស​ប្រកួត​ប្រជែង​ទាំង​នៅ​ក្នុង​ប្រទេស តំបន់ និង​សកល​លោក​។

ទី២-គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និង​វិស័យឯកជនជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការ​បន្ត​ពង្រឹង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដល់អាទិភាពលើការបណ្ដុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិត​របស់​ជន​មាន​ពិការភាព​ដែលជា​ធនធាន​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បានស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។

ទី៣-គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀប​ចំផា​សុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាម​ច្បាប់​ស្ដីពី​កិច្ច​លើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជនមានពិការភាព។

ទី៤-គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្ត​ជន​មាន​ពិការភាព​ដែល​មាន​លក្ខណ​សម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មាន​សិទ្ធិ​ចូល​បម្រើ​ការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ទី៥-ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និង​គ្រឹះ​ស្ថាន​ទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយ​ភ្ញាក់​រលឹក​នូវ​កាតព្វកិច្ច​ជ្រើស​រើស​ជន​មាន​ពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​កិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។

ទី៦-ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រម​ទាំង​គ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយ​មាន​ការ​បក​ប្រែ​ភាសា​សញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។

ទី៧-ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ច​សហប្រតិប​ត្តិ​ការ​ជាមួ​យ​ក្រសួ​ងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ជន​មាន​ពិការ​ភាព ឱ្យទទួលបានបណ្ណបើកបរស្របតាម លទ្ធភាព សមត្ថភាព និងលក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​។

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងឱកាស​ទិវាជន​មាន​ពិការភាព​ឆ្នាំ​នេះ​ សម្ដេច​ធិបតី​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយក្រៃលែង និងផ្ញើសារ ចូលរួមអបអរសាទរជូនបងប្អូនកូនក្មួយមានពិការភាព និង​ជ​នរួមជាតិជាទីស្រឡាញ់ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធទិវាជនមានពិការភាព កម្ពុជា​​លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះ​ស្រាយ​ប្រកប​ដោយ​នវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣​នេះ។

សម្ដេចធិបតីបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា​មាន​មោទកភាព​ដោយ​បាន​ចូល​រួម​រៀបចំ​ប្រារព្ធ​ទិវា​ដ៏​ឱឡារិកនេះជាមួយប្រជាជាតិទូទាំង ពិភពលោក ជាការអបអរសាទរចំពោះជោគជ័យថ្មីៗ នៃ​វិស័យពិការភាពដែលបង្ហាញពីឆន្ទៈដ៏មុះមុត និងយកចិត្តទុកដាក់ របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដើម្បី​បន្ត​លើក​ស្ទួយ​សុខុមាល​ភាព និងលើកកម្ពស់សិទ្ធិជនមានពិការគ្រប់រូបដោយ មិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយអ្វីឡើយ៕