ព្រះរាជបន្តូលព្រះមហាក្សត្រ ផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជាឱ្យបន្តខិតខំប្រឹង ប្រែងស្វាធ្យាយ អភិវឌ្ឍចំណេះជំនាញ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥និងអន្តរជាតិលើកទី៤១ បានសព្វព្រះ រាជហឫទ័យផ្ញើ ព្រះរាជសារចូលរួមអបអរសាទរជាមួយបងប្អូន កូនក្មួយ ជនរួមជាតិ មានពិការភាព ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ដោយភ្ជាប់នូវការ សួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងស្រឡាញ់ជាទីបំផុត ជូនបងប្អូន កូនក្មួយ ជនមានពិការភាពគ្រប់រូបនិងគ្រប់ក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យ គ្រប់កិច្ចការ។
ព្រះអង្គបានបង្ហាញនូវសេចក្តីរំភើបរីករាយ ហើយសូមគាំទ្រលើប្រធាន បទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ – ព្រោះបាន បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ការសម្របសម្រួលផាសុកវត្ថុនៅទីកន្លែងសាធារណៈ និង ឯកជនលើកកម្ពស់អភិបាលកិច្ចល្អជូនជនមានពិការភាព និងជំរុញការចូលរួមដ៏ថ្លៃថ្លាមិនអាចខ្វះបានរបស់ បងប្អូន កូនក្មួយ ជនមានពិការភាព និងក្រុមគ្រួសារក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ជាពិសេសតាមបែប បច្ចេកវិទ្យាឌីជីថល។
ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងក្នុងនាមព្រះអង្គផ្ទាល់ ព្រះករុណា មានបីតិសោមនស្ស សូមចូលរួមអបអរសាទរជាមួយបងប្អូន កូនក្មួយ ជនរួមជាតិ មានពិការភាព ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។
ព្រះករុណាក៏បានផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជា សូមបន្តកិច្ចខិតខំប្រឹងប្រែងស្វាធ្យាយ អភិវឌ្ឍចំណេះ ជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេស សម័យ បច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារនិងមុខរបរ ឈានទៅ សម្រេចបាននូវគុណភាពជីវិតល្អប្រសើរ ។
ក្នុងន័យនេះ ព្រះអង្គក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និង ការចូលរួមរបស់ជនមានពិការភាពកម្ពុជាយើងដោយមិនមានការរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិក្លាយជាការពិត។ ជនមានពិការភាពរបស់យើងត្រូវការភាពកក់ក្តៅ ស្រឡាញ់ រាប់អាន ដែលប្រការនេះគឺជាការលើកទឹកចិត្តដ៏ធំធេងក្នុងការអភិវឌ្ឍខ្លួនរបស់ពួកគាត់ ដោយមិនមានការ រើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិពេញលេញ។
ជាមួយគ្នានេះ ព្រះករុណា បានថ្លែងនូវការកោតសរសើរនិងអរគុណជាអនេកចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាតិនិងអន្តរជាតិ ប្រទេសជាមិត្ត អង្គការជាតិនិងអន្តរជាតិ ដែលបានចូលរួមវិភាគទានជូនរាជរដ្ឋាភិបាលកម្ពុជានូវថវិកា ស្បៀង សម្ភារៈក្នុងការ ជួយសង្គ្រោះប្រជារាស្ត្រ ជាពិសេសជនមានពិការភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កន្លងមក។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថក៏សូមចូលរួមអបអរសារទរសមិទ្ធផល២៥ឆ្នាំកន្លងមក របស់រាជរដ្ឋាភិបាលតាមរយៈការ អនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកបដោយជោគជ័យធ្វើឱ្យ ប្រជាជាតិកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី មានអធិបតេយ្យភាព បូរណភាពទឹកដីទាំងស្រុង។ អតីតរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រ ចតុកោណទាំង៤ដំណាក់កាលដោយបានរុញច្រាននាវាកម្ពុជា សម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យ រួមមានសេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបានលើកកម្ពស់កិត្យា នុភាពកម្ពុជាកាន់តែត្រចះត្រចង់នៅលើឆាកជាតិនិងអន្តរជាតិ។
ជាមួយគ្នានេះដែរ ព្រះអង្គក៏បានកោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយ ថាមវន្តនិងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្នុងគោលដៅជំរុញកំណើនការងារប្រសិទ្ធភាព សមធម៌ និងចីរភាពសេដ្ឋកិច្ច ដែលជាកាតាលីករជំរុញឱ្យសម្រេចបានទស្សនៈវិស័យរយៈពេលវែងសម្រាប់ ប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ជាថ្មីម្តងទៀត ព្រះអង្គក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលតែងតែផ្ដល់ក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងផ្តល់អាទិភាព ចំពោះ សុខុមាលភាពរបស់ជនមានពិការភាព ដែលជួបទុក្ខលំបាកនាពេលកន្លងមក ៕