សកម្មជនបានដាក់ស្បែកជើងកុមារបញ្ជាក់ពីការស្លាប់កុមារ នៅកិច្ចប្រជុំ COP28 សម្រាប់តំបន់ហ្កាហ្សា និងអ៊ីស្រាអែល។

បរទេស៖ នៅលើចិញ្ចើមផ្លូវនៃកិច្ចប្រជុំកំពូលអាកាសធាតុ COP28 សកម្មជនលោក Nicolas Haeringer បានដាក់ស្បែកជើងកុមារ រួមជាមួយស្លាកដែលសរសេរថា «គ្មានយុត្តិធម៌ផ្នែកអាកាសធាតុទេ បើគ្មានសិទ្ធិមនុស្ស» ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះការស្លាប់របស់កុមារនៅតំបន់ហ្កាហ្សា និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។

ក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោក ការតវ៉ានិងសកម្មភាពសកម្មណាមួយ ពុំត្រូវបានអនុញ្ញាតឲ្យមាននៅខាងក្នុងតំបន់សន្តិសុខខ្ពស់នោះទេ។ សកម្មភាពរបស់លោក Haeringer បានកើតឡើងនៅក្នុងតំបន់ខៀវ ឬ Blue Zone ដែលនៅជាប់គ្នានោះ។

សកម្មជន និងអ្នកតវ៉ា មិនត្រូវបានអនុញ្ញាតឱ្យដាក់ឈ្មោះបណ្តាប្រទេស មេដឹកនាំ និងរួមទាំងទង់ជាតិជាមួយនឹងសកម្មភាពរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ(UNFCCC) ដូចជាកិច្ចប្រជុំកំពូលអាកាសធាតុ COP28 នេះទេ។