អាត្លង់តា៖ បាតុករគាំទ្រប៉ាឡេស្ទីនដុតខ្លួនឯង នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល។

បរទេស៖ បាតុករម្នាក់ដែលមានទង់ជាតិប៉ាឡេស្ទីន បានដុតខ្លួនឯង កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដោយបានធ្វើឲ្យសន្តិសុខម្នាក់រងរបួស នៅពេលដែលសន្តិសុខរូបនោះ ព្យាយាមចូលទៅអន្តរាគមន៍ យោងតាមអាជ្ញាធរបានឲ្យដឹង។

លោក Darin Schierbaum មេនគរបាលក្រុងអាត្លង់តា បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា បុគ្គលដែលមន្ត្រីមិនបានកំណត់អត្តសញ្ញាណនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយចំណែកស្ថានភាពរបស់សន្តិសុខ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ។

បាតុករបានទៅដល់ម៉ោងប្រហែល ១២:១៥នាទី (ម៉ោងនៅសហរដ្ឋអាមេរិក) នៅអគារការិយាល័យ ដែលជាទីកន្លែងសម្រាប់ស្ថានកុងស៊ុល ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀត ហើយបានប្រើសាំងដុត បើតាមនគរបាលបានលើកឡើងបន្ថែម ។ ការិយាល័យ នៅក្រុងអាត្លង់តារបស់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) បានប្រាប់ថា ខ្លួនកំពុងសម្របសម្រួលជាមួយរដ្ឋបាលអនុវត្តច្បាប់ក្នុងតំបន់។ ស្ថានកុងស៊ុល និងស្ថានទូតអ៊ីស្រាអែលប្រចាំក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

អ៊ីស្រាអែលបានចាប់ផ្ដើមការវាយប្រហារផ្នែកយោធា នៅតំបន់ហ្កាហ្សាឡើងវិញ កាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សា ដើម្បីបន្តបទឈប់បាញ់រយៈពេល ១សប្តាហ៍ បានបរាជ័យ ។ អ៊ីស្រាអែលបានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមួយនេះ បានវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៤០នាក់ ។

ចំណែកខាងមន្ត្រីប៉ាឡេស្ទីនវិញ បាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ១៥.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញទឹកដីយ៉ាងច្រើន៕