ជនបង្កបើករថយន្តព្រូស បុកបុរសម្នាក់បណ្តាលឱ្យស្លាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ នៅក្នុងកោះពេជ្រ។
ភ្នំពេញ៖ នៅក្នុងកោះពេជ្រ កាលពីវេលាទាបភ្លឺ ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣នោះ គិតមកទល់ពេលនេះ សមត្ថកិច្ចនគរបាលជំនាញកំពុងព្យាយាមស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោស ករណីរថយន្តតូយូព្រូសមិនចាំស្លាកលេខមួយគ្រឿង បើកបញ្ច្រាសទិស ទៅបុកនឹងម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែង ។
នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ដេ ម៉ៅ បានឱ្យដឹងថា ករណីនេះ សមត្ថកិច្ចការិយាល័យជំនាញរបស់រាជធានី បានសហការជាមួយនគរបាលខណ្ឌចំការមន បើកការស្រាវជ្រាវតាំងពីថ្ងៃកើតហេតុ ជាបន្តបន្ទាប់តាមជំនាញ ពិសេសកាមេរ៉ាសុវត្ថិភាព នៅជុំវិញតំបន់កើតហេតុ ។
លោកបន្តថា បច្ចុប្បន្ន សមត្ថកិច្ចបានកំណត់បានតម្រុយខ្លះៗហើយ នឹងកំពុងបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាប់ឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត យកមកផ្តន្ទាទោសតាមច្បាប់ ឱ្យបាននៅពេលខាងមុខ ។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតនៅគល់ស្ពានកោះនរាត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ចាន់ ប៉េងលាង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈ បូជា មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកគុបសេរីចាស់គ្មានស្លាកលេខ ធ្វើដំណើរចេញពីផ្ទះបម្រុងធ្វើដំណើរទៅហាត់ប្រាណនៅកោះនរា ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកព្រូស ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ បានបើកបរបញ្ច្រាសរង្វង់មូលសួនច្បារ ក៏បានបើកលឿនទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ បែកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹង ។
សូមជម្រាបថា បច្ចុប្បន្ននេះសពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិ រៀបចំធ្វើបុណ្យបូជាតាមប្រពៃណីរួចរាល់ហើយ ប៉ុន្តែសាច់ញាតិជនរងគ្រោះ កំពុងដង្ហើយរកពន្លឺយុត្តិធម៌ និងស្នើរឱ្យសមត្ថកិច្ចមេត្តាព្យាយាមស្រាវជ្រាវតាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសឱ្យខាងតែបានផង ដើម្បីផ្តល់ភាពសមស្របចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគាត់ ។
គួរបន្ថែមថា អ្វីជាភាពសោកសង្រែង ក្នុងមរណះភាពរបស់ជនរងគ្រោះខាងលើ ក៏បានបន្សល់ទុកនូវភាពឈឺចាប់ធ្ងន់ធ្ងរដល់កូនៗ ពិសេសស្ត្រីជាប្រពន្ធ ដែលកំពុងមានជម្ងឺមហារីកសុដន់ធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍មួយផ្នែកទៅហើយ ឥលូវបែរជាមកទទួលបានអារម្មណ៍ប៉ះពាល់ផ្លូវចិត្តមួយផ្នែកធំបន្ថែមទៀត ដែលជាការបាត់បង់មនុស្សជាទីស្រលាញ់បំផុតក្នុងជីវិត ដែលបានទៅហើយមិនអាចវិលត្រឡប់មកវិញ ៕