បន្ទាប់ពីបទឈប់បាញ់ ដួលរលំតំបន់ហ្កាហ្សា ចាប់ផ្ដើមជួបនឹងសំឡេងផ្ទុះបន្ថែមទៀត។
ហ្កាហ្សា៖ សំណុំផ្សែង បានហុយយ៉ាងខ្មួលខ្មាញ់ពេញផ្ទៃមេឃលើតំបន់ហ្កាហ្សា ជាមួយសំឡេងផ្ទុះបានលាន់ឮឡើង នាថ្ងៃសៅរ៍ ទី២ ខែធ្នូ ខណៈយោធាអ៊ីស្រាអែល បានចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស ដែលជាថ្ងៃទី២ បន្ទាប់ពីបទឈប់បាញ់ត្រូវបានបញ្ចប់ ។
ភាគីជម្លោះបានបន្ទោសគ្នាទៅវិញទៅមកថា បានធ្វើឲ្យដួលរលំបទឈប់បាញ់នេះ ដោយបដិសេធមិនទទួលយកលក្ខខណ្ឌ ក្នុងការបន្ថែមការដោះលែងចំណាប់ថ្នូរប្រចាំថ្ងៃ ដែលត្រូវបានឃុំខ្លួន ដោយពួកសកម្មប្រយុទ្ធ ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីន ដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ។
អ៊ីស្រាអែលបានលើកឡើងថា កងកម្លាំងជើងគោក អាកាស និងជើងទឹករបស់ខ្លួន បានវាយប្រហារលើ «គោលដៅភេរវកម្ម» ជាង ២០០កន្លែង នៅតំបន់ហ្កាហ្សា ហើយគិតត្រឹមល្ងាចថ្ងៃសុក្រ (ទី១ ខែធ្នូ) មន្ត្រីសុខាភិបាល នៅតំបន់ឆ្នេរ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១៨៤នាក់ របួសយ៉ាងតិច ៥៨៩នាក់ និងបំផ្លាញផ្ទះសម្បែងជាង ២០ខ្នង ។
ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កំពុងបង្កការស្មុគស្មាញដល់ការប្រឹងប្រែង ដើម្បីឲ្យមានការផ្អាកអរិភាពជាថ្មីម្ដងទៀត បើតាមក្រុមអ្នកសម្របសម្រួល បានលើកឡើង។ បទឈប់បាញ់រយៈពេល ៧ថ្ងៃ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែវិច្ឆិកា និងដែលត្រូវបានពន្យារពេល ២ដងនោះ បានអនុញ្ញាតឲ្យមានការដោះដូរចំណាប់ថ្នូររាប់សិបនាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ជាមួយអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ និងជួយសម្រួលដល់ការនាំជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលរងការបំផ្លិចបំផ្លាញនេះ៕