ការជ្រៀតជ្រែកក្នុងប្រតិបត្តិការផ្កាយរណប កូរ៉េខាងជើង នឹងត្រូវបានចាត់ទុកថា ជាការប្រកាសសង្គ្រាម។
បរទេស៖ នាថ្ងៃសៅរ៍ ទី២ ខែធ្នូ នេះ កូរ៉េខាងជើង បាននិយាយថា ខ្លួននឹងចាត់ទុកការជ្រៀតជ្រែកណាមួយ ក្នុងប្រតិបត្តិការផ្កាយរណបរបស់ខ្លួនថា ជាការប្រកាសសង្គ្រាម ហើយនឹងប្រមូលផ្តុំកម្លាំងទប់ស្កាត់សង្គ្រាមប្រសិនបើការវាយប្រហារណាមួយប្រឆាំងនឹងធនធានយុទ្ធសាស្ត្ររបស់ខ្លួន ជិតកើតមាន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបទៅនឹងការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅក្នុងលម្ហអាកាស ដោយការបំផ្លាញសមត្ថភាពផ្កាយរណបចារកម្មរបស់សហរដ្ឋអាមេរិក ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង ។
សូមបញ្ជាក់ថា កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនដោយជោគជ័យ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយបង្ហាញពីរូបថតនៃការដំឡើងមូលដ្ឋានយោធា នៅដីគោករបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកោះហ្គាមរបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងថ្មីបន្ថែម បន្ទាប់ពីការបាញ់បង្ហោះនោះ ដោយកំណត់ចំពោះភ្នាក់ងារជាច្រើន ដែលមានមូលដ្ឋាននៅបរទេស ដែលខ្លួនបានចោទប្រកាន់ថា បានជួយសម្របសម្រួលឲ្យប្រទេសនេះគេចពីទណ្ឌកម្ម ដើម្បីទទួលបានប្រាក់ចំណូល និងបច្ចេកវិទ្យា សម្រាប់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន។
កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងត្បូង បានដាក់ជនជាតិកូរ៉េខាងជើងចំនួន ១១នាក់ ក្នុងបញ្ជីខ្មៅ សម្រាប់ការមានចំណែកនៅក្នុងការអភិវឌ្ឍផ្កាយរណប និងមីស៊ីលបាលីស្ទិករបស់ប្រទេសកូរ៉េខាងជើង ដោយហាមឃាត់ពួកគេមិនឲ្យមានប្រតិបត្តិការហិរញ្ញវត្ថុ៕