ការជំរុញឲ្យគណៈប្រតិភូ និងក្រុមហ៊ុនប្រេងធ្វើការរួមគ្នា ប្រធាន COP28 នៅឯកិច្ចប្រជុំស្ដីពីអាកាសធាតុរបស់ UN។

បរទេស ៖ លោក Sultan al-Jaber ជាប្រធាន COP28 ថ្មី គឺបានបើកកិច្ចប្រជុំកំពូលស្ដីពី អាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅឆ្នាំនេះ ដោយជំរុញឲ្យបណ្ដាប្រទេសនានាស្វែងរកចំណុចរួម នៅក្នុងគោលនយោបាយ ដើម្បីបំពេញគោលដៅអាកាសធាតុពិភពលោក។

នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងជាតិ ADNOC របស់ប្រទេសអារ៉ាប់រួម លោក Jaber បានទទួលស្គាល់ នៅក្នុងអត្ថបទនៃសុន្ទរកថាបើករបស់លោកថា មាន «ទស្សនៈដ៏រឹងមាំអំពីគំនិតនៃការរួមបញ្ចូលភាសា ពាក់ព័ន្ធឥន្ធនៈហ្វូស៊ីល និងការកកើតឡើងវិញ នៅក្នុងអត្ថបទដែលបានចរចា ខ្ញុំសូមស្នើសុំឲ្យអ្នកធ្វើការជាមួយគ្នា»។

លោក Jaber បាននិយាយថា៖ «បណ្ដាសហសេវិកទាំងឡាយ សូមឲ្យប្រវត្តិសាស្ត្រឆ្លុះបញ្ចាំងពីការពិតដែលថា នេះគឺជាតំណែងប្រធាន ដែលបានធ្វើការជ្រើសរើសដោយទំនុកចិត្ត ដើម្បីចូលរួមយ៉ាងសកម្មជាមួយក្រុមហ៊ុនប្រេង និងឧស្ម័ន។ យើងមាននូវការពិភាក្សាគ្នាដ៏លំបាកជាច្រើន។ ខ្ញុំសូមជម្រាបអ្នកទាំងអស់គ្នាថា មិនមែនជារឿងងាយស្រួលនោះឡើយ»។

ទន្ទឹមគ្នានេះ លោកបានកត់សម្គាល់ថា បណ្ដាក្រុមហ៊ុនប្រេងជាតិជាច្រើន បានអនុម័តគោលដៅសូន្យសុទ្ធ សម្រាប់ឆ្នាំ២០៥០។ លោក Jaber បានបន្ថែមថា៖ «ខ្ញុំពិតជាមានសេចក្ដីដឹងគុណណាស់ ដែលបណ្ដាក្រុមហ៊ុនទាំងនោះ បានបង្កើនការចូលរួមក្នុងដំណើរផ្លាស់ប្តូរស្ថានភាពនេះ។ ប៉ុន្តែខ្ញុំត្រូវតែនិយាយថា នេះមិនទាន់គ្រប់គ្រាន់ទេ ហើយខ្ញុំដឹងថា ក្រុមហ៊ុនទាំងនោះអាចធ្វើអ្វីៗបានច្រើនជាងនេះទៀត»៕