ក្រសួងយុត្តិធម៌៖ នៅពីក្រោយគម្រោង ធ្វើឃាតអ្នកកាន់សាសនាស៊ីកម្នាក់ នៅសហរដ្ឋអាមេរិក ជាមន្ត្រីឥណ្ឌា
អាមេរិក ៖ កាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយថា មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បានដឹកនាំផែនការមិនជោគជ័យមួយ ដើម្បីធ្វើឃាតអ្នកផ្ដាច់ខ្លួនសាសនាស៊ីក ដែលជាពលរដ្ឋអាមេរិក នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងការប្រកាសពីការចោទប្រកាន់លើបុរសម្នាក់ ដែលត្រូវបានចោទពីបទរៀបចំការប៉ុនប៉ងឃាតកម្ម។
នៅទីក្រុង ម៉ានហាថាន (Manhattan) រដ្ឋអាជ្ញាសហព័ន្ធ បាននិយាយថា លោក នីកហីល គូបតា (Nikhil Gupta) វ័យ ៥២ឆ្នាំ បានធ្វើការជាមួយបុគ្គលិករដ្ឋាភិបាលឥណ្ឌាម្នាក់ ដែលការទទួលខុសត្រូវរបស់គេរួមមានសន្តិសុខ និងចារកម្ម ទៅលើផែនការធ្វើឃាតអ្នករស់នៅទីក្រុងញ៉ូវយ៉កម្នាក់ ដែលតស៊ូមតិសម្រាប់រដ្ឋអធិបតេយ្យសម្រាប់សាសនាស៊ីក នៅភាគខាងជើងប្រទេសឥណ្ឌា។
មិនបានបញ្ចេញឈ្មោះមន្ត្រីឥណ្ឌា ឬគោលដៅ ចេញពីក្រុមព្រះរាជអាជ្ញានោះទេ បើទោះបីជាពួកគេបានពណ៌នា ជនរងគ្រោះថាជាពលរដ្ឋអាមេរិកដើមកំណើតនៅឥណ្ឌាក៏ដោយ ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានឲ្យឈ្មោះជនរងគ្រោះនោះថា លោក គូប៉ាតវ៉ាន ស៊ីញប៉ាននុន (Gurpatwant Singh Pannun) ជាពលរដ្ឋសញ្ជាតិពីរនៃសហរដ្ឋអាមេរិក និងកាណាដា ។
លោក គូបតា ត្រូវបានចាប់ខ្លួនដោយក្រុមអាជ្ញាធរសាធារណរដ្ឋឆែក កាលពីខែមិថុនា ហើយកំពុងរង់ចាំការធ្វើបត្យាប័ន ដោយគេមិនអាចទាក់ទងលោកដើម្បីស្នើសុំការអត្ថាធិប្បាយបានទេ។
ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ របស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក កាលពីសប្តាហ៍មុនបាននិយាយថា ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក បានរារាំងផែនការសម្លាប់អ្នកផ្ដាច់ខ្លួនសាសនាស៊ីក នៅសហរដ្ឋអាមេរិក និងបានចេញការព្រមានដល់ប្រទេសឥណ្ឌា អំពីការព្រួយបារម្ភថារដ្ឋាភិបាលនៅទីក្រុងញ៉ូវ ដេលី អាចជាប់ពាក់ព័ន្ធក្នុងបញ្ហានេះ៕