ប្រមុខការបរទេសចិន នៅអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយនៅ តំបន់ហ្កាហ្សា

UN លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានទាមទារ «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងយូរអង្វែង» នៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ និងមានក្តីសង្ឃឹមថាការផ្អាកប្រយុទ្ធ សម្រាប់បុព្វហេតុមនុស្សធម៌បច្ចុប្បន្ននឹងពុំមែនជា ការផ្អាក មុនពេលការវាយលុកថ្មីនោះទេ។

លោក Wang Yi បានថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពនៅមជ្ឈឹមបូព៌ាថា «យើងគួរតែធ្វើការ ដើម្បីឲ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយនឹងភាពបន្ទាន់ខ្លាំងបំផុត ដែលគ្មានតំបន់សុវត្ថិភាពនៅក្រោមការបាញ់កាំភ្លើង ហើយបើមានការប្រយុទ្ធគ្នា នោះនឹងនាំមកនូវការស្លាប់ និងការបំផ្លាញកាន់តែច្រើន ។

លោក Wang បានបន្តថា ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បាននាំឱ្យមានការបាត់បង់អាយុជីវិតមនុស្សស្លូតត្រង់យ៉ាងច្រើន ជាមហន្តរាយមនុស្សធម៌មិនធ្លាប់មានពីមុនមក ហើយផលប៉ះពាល់ហៀរចេញ នៅតែលេចឡើង។

លោកបន្ថែមថា ប្រទេសចិនសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃនៃការផ្អាកប្រយុទ្ធកន្លងផុតទៅនេះ នឹងពុំជាការផ្អាក នៅមុនពេលការវាយលុកថ្មីនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបន្ថែមទៀត សម្រាប់បទឈប់បាញ់គ្រប់ជ្រុងជ្រោយនិងយូរអង្វែង។

សកម្មភាពណាមួយ ដែលបំពានច្បាប់អន្តរជាតិ និងជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ គួរតែត្រូវបានថ្កោលទោស ។ ប្រទេសចិនបញ្ជាក់ជាថ្មីនូវការប្រឆាំង ចំពោះការដាក់ទណ្ឌកម្មរួមទៅលើប្រជាជន នៅតំបន់ហ្កាហ្សា និងការប្រឆាំងរបស់យើងចំពោះការផ្ទេរដោយបង្ខំ ដែលផ្តោតលើជនស៊ីវិលប៉ាឡេស្ទីន ។

លោក Wang បានបញ្ជាក់លើតម្រូវការដើម្បីធ្វើឱ្យដំណើរការឡើងវិញ នូវទស្សនវិស័យនយោបាយចំពោះដំណោះស្រាយរដ្ឋពីរ ដោយមានការប្តេជ្ញាចិត្តកាន់តែខ្លាំង។ លោកនិយាយថា ប្រទេសចិន គាំទ្រការរៀបចំឲ្យសន្និសិទសន្តិភាពអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងទ្រង់ទ្រាយធំ ហើយគាំទ្រប៉ាឡេស្ទីនក្នុងការក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ៕

នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសុន្ទរកថាទៅកាន់ក្រុមប្រឹក្សា លោក Wang Yi បាននិយាយថា មិនគួរមានការកំណត់ពេលវេលាសម្រាប់បទឈប់បាញ់នោះទេ ហើយបានទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ និងដកចេញការបិទផ្លូវនៅតំបន់ហ្កាហ្សា។