ប្រមុខដឹកនាំអ៊ីស្រាអែល ចូលរួមពិធីសម្ភោធសហគមន៍ថ្មី នៅក្បែរតំបន់ហ្គាហ្សា របស់ពលរដ្ឋអ៊ីស្រាអែល។
អ៊ីស្រាអែល៖ លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅថ្ងៃពុធនេះ បានចូលរួមនៅក្នុងពិធីបង្កើតសហគមន៍រស់នៅថ្មីមួយ របស់ពលរដ្ឋអ៊ីស្រាអែល ដោយនឹងត្រូវសាងសង់ឡើងនៅក្បែរតំបន់ហ្គាហ្សា និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធ មន្រ្តីប្រធានក្រុមប្រឹក្សាថ្នាក់មូលដ្ឋានមួយរូប ដែលត្រូវក្រុមហាម៉ាសសម្លាប់ នៅក្នុងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា។
លោក ណេតាន់យ៉ាហ៊ូ ថ្លែងក្នុងពិធីជួបជុំខាងលើនេះ បានបញ្ជាឱ្យដាក់ឈ្មោះសហគមន៍រស់នៅថ្មី របស់ពលរដ្ឋអ៊ីស្រាអែលមួយនេះថា អូហ្វៀ ដោយយកលំនាំតាមឈ្មោះរបស់លោក អូហ្វៀ លីបស្តែន (Ofir Libstein) ត្រូវជាប្រធានក្រុមប្រឹក្សាមូលដ្ឋានប្រចាំតំបន់ ហាណេហ្គេវ (HaNegev) ដែលបានស្លាប់នៅក្នុងប្រតិបត្តិការ កាលពីដើមខែតុលាដោយក្រុមហាម៉ាស ដើម្បីជាការគោរពចំពោះការពលីរបស់លោក។
រីឯរឿងដាច់ដោយឡែកមួយទៀតនោះ គឺក្រុមហាម៉ាសបានសម្រេចដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ចំនួន១៦នាក់ នៅវេលាថ្ងៃចុងក្រោយនៃកិច្ចព្រមព្រៀមបទឈប់បាញ់រយៈពេល ២ថ្ងៃជាបន្ត ដោយនៅក្នុងចំណោមចំណាប់ខ្មាំងទាំងនោះ ក៏រួមមានទាំងពលរដ្ឋថៃមួយចំនួនដែរ។
កិច្ចព្រមព្រៀងគ្នាជាមួយក្រុមហាម៉ាស មានខ្លឹមសារគឺ ភាគីអ៊ីស្រាអែលក៏បានធើ្វការដោះលែងក្រុមអ្នកទោសប៉ាឡេស្ទីនបន្ថែមប្រមាណជា៣០នាក់ចេញពីពន្ធនាគារ ដោយរួមមានស្រ្តី ១៤នាក់ និងកុមារ ១៦នាក់កាលពីយប់ថ្ងៃពុធ នេះ បើតាមការបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសកាតា ដែលជាភាគីអ្នកសម្របសម្រួលឱ្យមាន កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលខ្លីនេះឡើងមក៕ ប្រភព៖ Reuters