ពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រឆ្នាំ២០២៣ កម្ពុជាទទួលបាននៅប្រទេសអូទ្រីស។

ភ្នំពេញ៖  នៅប្រទេសកម្ពុជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ទទួលបានពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។ពានរង្វាន់នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ការធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិត នៅក្នុងឧស្សាហកម្ម»។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាកន្លងមកនេះ បានលើកឡើងថាថា ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គម្រោងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅក្នុងវិស័យជលផលនៅកម្ពុជា ខណៈវិស័យនេះមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀង ដោយប្រជាជនប្រមាណ ៤០% ពឹងផ្អែកដោយផ្ទាល់សម្រាប់ការចិញ្ចឹមជីវិត និងផ្គត់ផ្គង់ជីវភាព។

នៅក្នុងលិខិតនេះ តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា លោក សុខ ណារិន បានសាទរចំពោះគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលទទួលបានពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រ។ លោកបានទទួលស្គាល់ថា «អភិក្រមសមភាពយេនឌ័ររបស់គម្រោង ពិតជាបានបង្កើតនូវបរិយាកាសប្រកបដោយបរិយាប័ន្ន ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើន ដោយ ទុកនរណាម្នាក់ចោលឡើយ»។ លោកលើកឡើងថាអង្គការ UNIDO ពិតជាមានមោទនភាពណាស់ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គម្រោងក្នុងការលើកកម្ពស់តួនាទី និងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ជាពិសេសសហគ្រាសជលផល MSMEs ដែលដឹកនាំដោយស្ត្រី ។

ស្របគ្នានេះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍ថា «តាមរយៈការបញ្ជ្រាបយេនឌ័រនៅក្នុងគម្រោង រួមទាំងគោលនយោបាយស្តីពីយេនឌ័រ ការគាំទ្រអាជីវកម្ម ការគ្រប់គ្រងគម្រោង ការស្រាវជ្រាវនិងនវានុវត្តន៍ និងការកសាងសមត្ថភាពភាគីពាក់ព័ន្ធ គម្រោងបានបង្កើតផលជះរយៈពេលវែងលើការជំរុញសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងវិស័យជលផលនៅកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលសហការអនុវត្តដោយ FiA និង UNIDO បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ទ្រទ្រង់ដល់ផលជះជាវិជ្ជមាននៃសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល ស្របតាមគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាណញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង FiA ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) មានគោលដៅរួមចំណែកអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខណ្ឌគតិយុត្ត និងសមត្ថភាពស្ថាប័ន និងជម្រុញវិស័យឯកជនឱ្យទទួលយក និងអនុវត្តនវានុវត្តន៍ និងការអនុវត្តល្អប្រសើរពាក់ព័ន្ធ។ ដោយពិនិត្យលើតួនាទីដ៏លេចធ្លោរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល និងវិសមភាពយេនឌ័រដែលជាកត្តារាំងស្ទះពុំអាចឱ្យស្ត្រីបំពេញការងារឱ្យអស់សក្តានុពលបាន គម្រោងបានដាក់បញ្ចូលនូវវិធីសាស្ត្រគ្រប់គ្រងដែលគិតគូរពីយេនឌ័រនៅក្នុងកិច្ចអន្តរាគមន៍របស់ខ្លួន តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីនៅក្នុងវដ្តគម្រោងទាំងមូល៕