សហរដ្ឋអាមេរិក រងការព្រមានពី រុស្ស៊ី ទល់នឹងការដើរចូលលើការរត់ប្រណាំងសព្វាវុធថ្មី។

រុស្ស៊ី ៖  នៅក្នុងសុន្ទរកថារបស់អ្នកការទូតជាន់ខ្ពស់រុស្ស៊ីបានថ្លែង ដោយចេញផ្សាយនៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកានេះថា បើសិនសហរដ្ឋអាមេរិក រំពឹងថានឹងឈ្នះការរត់ប្រណាំងសព្វាវុធលើកក្រោយ នោះទីក្រុងវ៉ាស៊ីនតោន យល់ខុសហើយ ដោយបន្ថែមថាជម្លោះយោធារវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ មិនអាចបដិសេធចោលបាននោះទេ ។

លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទទួលបន្ទុកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សឺជី យ៉ាបកូវ (Sergei Ryabkov) ការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ បានប្រាប់សារព័ត៌មាន អ៊ីសវេសទៀ (Izvestia) ថា កាលៈទេសៈបច្ចុប្បន្ន មិនអំណោយផលដល់កិច្ចចរចាអាវុធជាមួយ ទីក្រុងវ៉ាស៊ីនតោននោះទេ ។

ទំនាក់ទំនងរបស់រុស្ស៊ី ជាមួយបណ្តាប្រទេសលោកខាងលិចជាច្រើនបានធ្លាក់ចុះ បន្ទាប់ពីការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយទីក្រុងម៉ូស្គូ ហើយឥឡូវនេះបាននិយាយថាខ្លួនកំពុងប្រយុទ្ធនឹងអ្វីដែលហៅថា «សមូហភាពខាងលិច» នៅអ៊ុយក្រែន ។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រាប់លោកខាងលិចថា លោកមិននិយាយលេងសើចនោះទេ នៅពេលលោកនិយាយថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើបូរណភាពទឹកដីរបស់រុស្ស៊ី ត្រូវបានគំរាមកំហែង ហើយបានច្រានចោលលទ្ធភាព ដែលរុស្ស៊ីអាចបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ ។

លោក Ryabkov បានរំលឹកឡើងវិញនូវជំហររបស់រុស្ស៊ីថា ទីក្រុងម៉ូស្គូ មិនគំរាមកំហែងបង្កជម្លោះយោធាជាមួយអង្គការណាតូទេ ប៉ុន្តែបាននិយាយថា លទ្ធភាពនៃការកើនឡើងជម្លោះ គឺអាស្រ័យលើទង្វើរបស់សម្ព័ន្ធយោធាមួយនេះប៉ុណ្ណោះ៕