សម្តេចធិបតី ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ខេត្តកោះកុង ក្នុងប្រសាសន៍សំខាន់ៗ។
កោះកុង ៖ នាព្រឹកស្អែកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ លើជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹងចំនួន២គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២កាត់ស្ទឹងទាំង២ បង្កើតជា អាងស្តុក ទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០ មេហ្គាវ៉ាត់ ។
*ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីផ្ដល់ថាមពល អគ្គិសនី ដែលមានតម្លៃសមរម្យទៅដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ច សង្គមរបស់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី បានបញ្ជាក់ថា វិស័យអគ្គិសនីនៅតែជាអាទិភាពសំខាន់ នៃនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះជាដដែល។
-សម្ដេចធិបតី បានបញ្ជាក់ថា អ្នកខ្លះឱ្យតែនិយាយពីសុខសន្ដិភាព ស្ថិរភាពរបស់ប្រទេសកម្ពុជា ពួកគេតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាលផ្ដាច់ការតែម្ដង ខណៈដែលប្រទេសកម្ពុជាបើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាវិស័យថាមពលអគ្គិសនីនេះជាដើម។
-សម្ដេចធិបតី បានបញ្ជាក់ថា ការអភិវឌ្ឍប្រទេស គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ចំនួន ២គឺបរិស្ថានអំណោយផលល្អ(សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ។
-សម្ដេចធិបតី បានបញ្ជាក់ថា បច្ចុប្បន្នថាមពលអគ្គិសនី បានគ្របដណ្ដប់ប្រមាណ ៩៨ ភាគរយនៅទូទាំងប្រទេស។
-សម្ដេចធិបតី បានបញ្ជាក់ថា៖«ខ្ញុំសុខចិត្តឱ្យអ្នកខ្លះហៅខ្ញុំថា ផ្ដាច់ការទៅចុះ នៅពេលដែលខ្ញុំនិយាយពីសន្ដិភាពរបស់ប្រទេសកម្ពុជា ជាជាងមិនអាចស្វែងរកសន្ដិភាពជូនដល់ប្រជាជន»។
-សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តទទួលខុសត្រូវលើពល រដ្ឋ និងប្រទេសជាតិចំនួន ៣ នោះគឺជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទី២ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះ ពាល់។ ទី៣ រួមទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។
-សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាត្រូវធានាឱ្យបាននូវសន្តិសុខថាមអគ្គិសនី និង ឯក រាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។
-សម្ដេចធិបតី បានបញ្ជាក់ថា ក្នុង១ឆ្នាំ រដ្ឋគ្រោងថវិកា១០០លានដុល្លារ ឧបត្ថម្ភធនសម្រាប់យកទៅទប់លើការប្រើប្រាស់ថ្លៃអគ្គិសនីជូនដល់ប្រជាពលរដ្ឋ (បញ្ចុះតម្លៃអគ្គិសនី) ជារៀងរាល់ឆ្នាំ។
-សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលដាក់គោលដៅអភិវឌ្ឍវិស័យថាមពលអគ្គិសនីដល់ប្រជាពលរដ្ឋជាង ១ ភាគរយ ដែលមិនទាន់មានអគ្គសនីប្រើប្រាស់ ត្រូវផ្គត់ផ្គង់ឱ្យមានអគ្គិសនីប្រើប្រាស់នៅមុនឆ្នាំ ២០៣០។