សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាព សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសជួយឧបត្ថម្ភដល់យុវជន សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាពរបស់នៅខេត្តកំពត។
តាមរយៈសារសំឡេង សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេច សហការជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រូវរៀបចំជាពីររបៀប គឺទី១ ត្រូវយកយុវជន អន ផានិត ឡើងមករាជធានីភ្នំពេញ ហើយរកមហាវិទ្យាល័យណាមួយដែលយុវជនរូបនេះចង់រៀន ដើម្បីឱ្យបន្តការសិក្សា និងរៀបចំកន្លែងស្នាក់នៅ ជាមួយក្រុមអង្គរក្សរបស់សម្ដេចតែម្ដង។ សម្ដេចណែនាំឱ្យមានការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សា និងហូបចុកសម្រាប់ ផានិត ជាប្រចាំខែផងដែរ ក្នុងនោះសាលារៀនដែលយុវជនរូបនេះចង់សិក្សាបន្តអាចស្នើសុំចូលសិក្សានៅមហាវិទ្យាល័យនោះតែម្ដង។
ក្រៅពីនេះ សម្ដេចតេជោ ក៏បានណែនាំឱ្យគិតគូរដល់ ក្រុមគ្រួសារឪពុកម្ដាយរបស់ យុវជន ផានិត ផងដែរ។ ក្នុងនោះមានដូចជាការជួយសងប្រាក់ដែលធ្លាប់ជំពាក់គេ និងសាងសង់ផ្ទះដែលសមល្មម សម្រាប់ក្រុមគ្រួសាររបស់យុវជនរូបនេះបានស្នាក់នៅសមរម្យផងដែរ។ ក្រៅពីនោះក៏ត្រូវផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ផានិត ក្នុង ១ខែ ចំនួន ១លានរៀល។
សូមជម្រាបថា យុវជននិទ្ទេស A អន ផានិត សិក្សានៅវិទ្យាល័យ សម្ដេចជាស៊ីម អង្គរជ័យ ខេត្តកំពត មានឪពុកម្តាយជាជនមានពិការភាព។
យុវជនរូបនេះជាកូនប្រុសច្បងម្នាក់ក្នុងចំណោមបងប្អូន ២នាក់ មានឪពុកម្តាយជាជនពិការ ខណៈដែលម្តាយមានត្រឹមតែមុខរបរកាត់ដេរតូចមួយនៅផ្ទះ ដើម្បីចិញ្ចឹមកូនផ្គត់ផ្គង់រៀនសូត្រ ពេលខ្លះគ្មានសូម្បីតែ ៥០០រៀលឱ្យកូនទៅរៀន ប៉ុន្តែមានសាច់ញាតិផ្សេងជួយទំនុកបម្រុងខ្លះ ហើយពេលខ្លះយុវជនរូប នេះបានត្រឹមញាំបាយជាមួយទឹកត្រី និងម្ហូបតិចតួចប៉ុណ្ណោះ៕