ប្រមុខដឹកនាំរុស្សី នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោតអាមេរិក ឆ្នាំ២០២៤ នោះទេ។
រុស្ស៊ី ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែនទេ មុនពេលលោកដឹងលទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ម្នាក់បាននិយាយកាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ស្របពេលមានការព្រួយបារម្ភថា លទ្ធភាពនៃជ័យជម្នះក្នុងការបោះឆ្នោតអាមេរិក សម្រាប់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ អាចប៉ះពាល់ដល់ការគាំទ្ររបស់លោកខាងលិច ដល់ទីក្រុងគីវ ។
ក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ លោក ត្រាំ ដែលកំពុងស្វះស្វែងរកជ័យជម្នះម្ដងទៀត និងជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងជាបេក្ខេជនប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋ បានរិះគន់យ៉ាងខ្លាំងចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ទីក្រុងគីវ។
បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងព្រុចសែល មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់អ្នកយកព័ត៌មានថា សម្ព័ន្ធយោធានេះបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ដោយដឹងថាកិច្ចព្រមព្រៀងសន្តិភាព នៅឆ្នាំក្រោយទំនងជាមិនអាចទៅរួចនោះទេ ។
មន្ត្រីរូបនេះបានបន្ថែមថា «នោះគឺជាបរិបទ ដែលសម្ព័ន្ធមិត្តទាំងអស់បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះ អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ កាលពីថ្ងៃអង្គារ» ដោយមិនបាននិយាយឈ្មោះលោក ត្រាំ ឬនិយាយយ៉ាងច្បាស់អំពីមធ្យោបាយដែលលទ្ធផលបោះឆ្នោត អាចនឹងប៉ះពាល់ដល់ការគាំទ្រសម្រាប់អ៊ុយក្រែន ឬយ៉ាងណានោះទេ។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាសមាជិកបក្សប្រជាធិបតេយ្យ បានផ្តល់ជំនួយផ្នែកយោធាដ៏ច្រើន និងការគាំទ្រផ្សេងទៀតដល់ទីក្រុងគីវ ចាប់តាំងពីការលុកលុយទ្រង់ទាយធំ កាលពីខែកុម្ភៈ ឆ្នាំ២០២២ របស់រុស្ស៊ីមក ប៉ុន្តែមូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន កំពុងត្រូវបានផ្អាកដោយសភាតំណាងរាស្រ្ត ដែលគ្រប់គ្រងដោយសាធារណរដ្ឋ៕