ឧបទ្ទវហេតុបាត់ យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH370 សាច់ញាតិជនរងគ្រោះចិន បន្តទាមទារសំណងនៅឯតុលាការ។

ចិន៖ នៅដើមសប្តាហ៍នេះ តុលាការទីក្រុងប៉េកាំងប្រទេសចិន បានចាប់ផ្តើមសវនាការលើករណីបណ្តឹងទាមទារសំណង សម្រាប់ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ ដែលជាអ្នកដំណើរជនជាតិចិនសរុបជាងមួយរយនាក់ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង អំឡុងធ្វើដំណើរនៅលើជើងហោះហើរ យន្តហោះដឹកអ្នកដំណើរ MH370 របស់ប្រទេសម៉ាឡេស៊ី កាលពីជិត១០ឆ្នាំមុន ។

 

សូមរំលឹកដែរថា កាលពីដើមខែមីនា ឆ្នាំ២០១៤ ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH370 ដែលមានទិសដៅចាកចេញពីទីក្រុងកូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងរបស់ប្រទេសចិន ស្រាប់តែបាត់សញ្ញាសម្គាល់ នៅក្នុងតារាងទិសដៅចរាចរណ៍ផ្លូវអាកាស អំឡុងកំពុងហោះហើរឆ្លងកាត់តំបន់មហាសមុទ្រឥណ្ឌា ដោយគេប៉ាន់ស្មានថាបានជួបគ្រោះថ្នាក់ធ្លាក់ចូលទៅក្នុងសមុទ្រ ហើយជាហេតុការណ៍ដ៏អាថ៌កំបាំងបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តអាកាសចរណ៍របស់ពិភពលោក ។

ដំណើរការសវនាការ លើបណ្តឹងទាមទារសំណងខាងលើ បានធើ្វឡើងក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងតែង នៅឯតុលាការសង្កាត់ Chaoyang ក្នុងទីប្រជុំជនទីក្រុងប៉េកាំង នាពេលព្រឹកព្រលឹមថ្ងៃចន្ទ ខណៈក្រុមអ្នកសារព័ត៌មានមិនទទួលបានគេអនុញ្ញាតឱ្យ ជួបសម្ភាសន៍ជាមួយនឹងសមាជិកគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ ណាមួយនោះឡើយ៕

ប្រភព៖ Reuters Connect