ប៉ះទង្គិចគ្នាជាសាធារណៈដ៏កម្រ រវាងប្រេសិតកូរ៉េខាងជើង និងអាមេរិក នៅអង្គការសហប្រជាជាតិ។
UN៖ ការប៉ះទង្គិចគ្នា រវាងឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិនៃសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូង របស់ទីក្រុងព្យុងយ៉ាង និងហេតុផលសម្រាប់ភាពតានតឹង ដែលចេះតែកើនឡើងនៅក្នុងជម្លោះពាក្យសម្ដីជាសាធារណៈដ៏កម្រ និងដោយផ្ទាល់រវាងគូសត្រូវទាំង២ ។
ប្រទេសកូរ៉េខាងជើង បន្ទាប់ពីអវត្តមានជិត៦ឆ្នាំមក បានចាប់ផ្តើមបញ្ជូនបេសកជនរបស់អង្គការសហប្រជាជាតិម្តងទៀតទៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបរបស់ខ្លួនកាលពីខែកក្កដា ។ ស្ថាប័នដែលមានសមាជិក ១៥ នាក់បានជួបប្រជុំគ្នា កាលពីថ្ងៃចន្ទជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្ម កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ។
លោកស្រី លីនដា ថូម៉ាស គ្រីនហ្វៀល (Linda Thomas-Greenfield) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក Kim Song ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង នៅចុងបញ្ចប់នៃកិច្ចប្រជុំ បានធ្វើអត្ថាធិប្បាយដោយពុំបានគ្រោងទុក ដោយចូលរួមក្នុងការជជែកដេញដោលគ្នា អំពីសិទ្ធិនៃការឆ្លើយតបនៅទូទាំងតុក្រុមប្រឹក្សា ដោយម្នាក់ៗប្រកែកថាប្រទេសរបស់ពួកគេកំពុងធ្វើសកម្មភាពការពារខ្លួន ។
កូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ សម្រាប់កម្មវិធីមីស៊ីលអន្តរទ្វីប និងនុយក្លេអ៊ែររបស់ខ្លួនចាប់តាំងពីឆ្នាំ ២០០៦មក ។ នេះរួមបញ្ចូលទាំងការហាមប្រាមលើការអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបផងដែរ ។ ចិន និងរុស្ស៊ី និយាយថា សមយុទ្ធយោធារួមគ្នា ដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើឱ្យទីក្រុងព្យុងយ៉ាងផ្ទុះកំហឹង ខណៈទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ពីបទជួយប្រទេសកូរ៉េខាងជើង គេចពីការដាក់ទណ្ឌកម្មបន្ថែមទៀត ៕