ការព្រមព្រៀងគ្នារវាង វៀតណាម និងជប៉ុន ដើម្បីពង្រឹងទំនាក់ទំនង សន្តិសុខ ចំពោះមុខឥទ្ធិពល កំពុងកើនឡើងរបស់ចិន។
បរទេស៖ កាលពីថ្ងៃចន្ទ ជប៉ុន និងវៀតណាម បានព្រមព្រៀងគ្នា ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ នៅចំពោះមុខឥទ្ធិពលដែល កំពុងកើនឡើងរបស់ចិនក្នុងតំបន់ ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីវៀតណាមលោក Vo Van Thuong បានជួបពិភាក្សានៅទីក្រុងតូក្យូ ហើយបានព្រមព្រៀងបើកទូលាយ កិច្ចសហប្រតិបត្តិការសន្តិសុខ ធ្វើការលើការផ្ទេរឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិទ្យា ហើយចាប់ផ្តើមពិភាក្សាអំពីកម្មវិធី ជំនួយជប៉ុនថ្មីសម្រាប់យោធានៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានគំនិតដូចគ្នានៅក្នុងតំបន់ នេះយោងតាមសារព័ត៌មាន VOA ចេញផ្សាយឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ទំនាក់ទំនងជប៉ុន-វៀតណាមនឹងក្លាយទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលនាំមកនូវកិច្ចសហប្រតិបត្តិការ ដែលកំពុងបន្តរបស់ប្រទេសទាំងពីរទៅកាន់ “កម្រិតខ្ពស់ថ្មី និងពង្រីកបន្ថែមទៀតទៅកាន់រណសិរ្សថ្មី” នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ជប៉ុនវៀតណាម ដែលផ្តល់ដោយក្រសួងការបរទេសជប៉ុន បើតាមមេដឹកនាំទាំងពីរបានលើកឡើង ។
ប្រទេសជប៉ុន បាននឹងកំពុងអភិវឌ្ឍ ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវៀតណាម ដែលជាប្រទេសអាស៊ីអាគ្នេយ៍ដ៏សំខាន់មួយ ដែលមានតួនាទីសន្តិសុខ និងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ ដែលប្រឈមមុខនឹងការកើនឡើង និងការប្រកួតប្រជែងរបស់ចិនជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ។
ជប៉ុនឥឡូវបានទទួល ឋានៈជាដៃគូថ្នាក់កំពូលរបស់វៀតណាម រួមជាមួយសហរដ្ឋអាមេរិក ចិន និងឥណ្ឌា តាមការប្រកាសកាលពីថ្ងៃចន្ទកន្លងមកនេះ ។
លោក Kishida នៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចប្រជុំ បាននិយាយថា វៀតណាមគឺជា “ដៃគូសំខាន់ក្នុងការសម្រេចបាន នូវឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ”។ លោក Thuong ប្រធានាធិបតីវៀតណាម បាននិយាយថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ បានរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់៕