កិច្ចប្រជុំត្រីភាគី មន្រ្តីការទូតជាន់ខ្ពស់ចិន ជប៉ុន និងកូរ៉េខាងត្បូង ចូលរួមដើម្បីពង្រឹងទំនាក់ទំនង។
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន ជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យម្សិលមិញ បានជួបគ្នានៅទីក្រុងកំពុងផែ Busan ដើម្បីព្យាយាមចាប់ផ្តើមឡើងវិញកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រទេសជិតខាងអាស៊ីទាំង ៣ ហើយនិងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូល ក្រុមមេដឹកនាំរបស់ពួកគេ ។
ក្នុងនាមមន្រ្តីការទូតកំពូលរបស់ចិន លោក Wang Yi ថ្លែងថា ប្រទេសទាំង ៣ គួរតែដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ និងសកលលោក ជាមួយនឹងឥរិយាបថ និងអាកប្បកិរិយារីកចម្រើនជាងមុន ។
ចំនែក រដ្ឋមន្រ្តីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បាននិយាយថា កិច្ចសហប្រតិបត្តិការត្រីភាគីអស្ចារ្យជាងមុន នឹងរួមចំណែកចំពោះសន្តិភាពក្នុងតំបន់ ស្របពេលដែលស្ថានភាពសន្តិសុខអន្តរជាតិ កាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញជាងមុននោះ ។
ស្របពេលនោះដែរ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Park Jin និយាយថា ក្រុមមន្រ្តីនឹងធ្វើការធានាដល់កិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំប្រទេសទាំង ៣ ឲ្យកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ តាមដែលអាចធ្វើទៅបាន ។
សូមបញ្ជាក់ថា ប្រមុខការទូតទាំង ៣បានជួបគ្នានៅក្នុងទីក្រុង Busan សម្រាប់ជំនួបលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ ២០១៩រហូតមក ក្រោយពេលក្រុមមន្រ្តីមកពីប្រទេសទាំង ៣ បានព្រមព្រៀងគ្នាកាលពីខែកញ្ញាកន្លងទៅ ដើម្បីរៀបចំកិច្ចប្រជុំកំពូលត្រីភាគីនៅពេលវេលាដ៏សមស្របខាងមុខនេះ ៕