ផ្កាយរណបធ្វើពីឈើ ជប៉ុនជិតបាញ់បង្ហោះឡើងទៅកាន់ទីអវកាស។

NASA ទីភ្នាក់ងារ​អវកាស​អាមេរិក និង​ JAXA ទីភ្នាក់​ងារ​អវកាស​ជប៉ុន កំពុង​រៀប​ផែនការ​បាញ់បង្ហោះ​ផ្កាយ​រណប​ធ្វើពីឈើដំបូង​គេ​លើ​ពិភពលោក​ ឡើង​ទៅ​កាន់​ទីអវកាស ​។

ផ្កាយ​រណប​ប៉ុនពែង​កាហ្វេ​ដែល​ធ្វើពី​ឈើ Magnolia គ្រោង​នឹង​ត្រូវ​បាន​បាញ់បង្ហោះ​ឡើង​ទៅកាន់​គន្លង​តារា​វិថីផែនដី​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2024 នេះយោងតាម​ព័ត៌មាន​ពី​ណាសា (NASA) របស់​អាមេរិក និង​ចាសា (JAXA) របស់​ជប៉ុន ​។

ឈើ​គឺជា​វត្ថុធាតុ​ដែល​នឹង​មិន​ឆេះ​ ឬ​រលួយ​នៅ​ក្នុង​បរិស្ថាន​សុញ្ញកាសរបស់​អវកាស ប៉ុន្តែ​នឹង​ត្រូវ​បាន​ដុត​ឆេះ​ម៉ត់​ជា​ធូលី​ នៅ​ពេល​វិល​ត្រលប់​ចូល​ក្នុង​បរិយាកាស​ផែនដី​ ។ ចំណុច​ពិសេស​នេះ​ធ្វើ​ឱ្យ​ឈើ​ក្លាយ​ជា​វត្ថុ​ធាតុ​មាន​ប្រយោជន៍​សម្រាប់​ផ្កាយ​រណប​ នា​ពេល​អនាគត ​។

​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ដើម​ឆ្នាំ ក្រោយ​ពីបាន​​ធ្វើ​ការ​ពិសោធដោយ​​ជោគ​ជ័យ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា ផ្កាយរណប​ធ្វើ​ពី​ឈើ​ ពិត​ជាសម​ស្រប​សម្រាប់​ការ​បាញ់​បង្ហោះ​សាកល្បង ​។ ប្រភេទ​ឈើ​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ជ្រើស​រើស​យក ​មក​ផលិត​ផ្កាយ​រណប​ គឺ​ឈើ​ Magnolia ។

នៅ​ជុំវិញ​គន្លង​តារាវិថីផែនដី បច្ចុប្បន្ន មានវត្ថុ​អវកាស​ជាង 8,440 តោន រួម​ទាំង​សំរាមអវកាស​ ដែល​មាន​ដូច​ជា ​ផ្កាយរណប​ដែល​ខូច និង​បំណែក​រ៉ុក្កែត​ដែល​លែង​ប្រើ​ប្រាស់​ជា​ដើម។ ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ពន្លឺ​ពេល​រាត្រី​កើនខ្ពស់​ជាង​មុន​ ​10% បង្ក​ការ​​រំខាន​ដល់​ការ​សង្កេតមើល​ទៅ​កាន់​ទីអវកាស ​។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា ផ្កាយរណបដែល​ធ្វើ​ពី​ឈើ មាន​ដូចជា LignoSat ជា​ដើម នឹង​បង្ក​ផល​ប៉ះពាល់​តិច​ជាង បើ​ធៀប​នឹង​សំរាម​អវកាស​នា​បច្ចុប្បន្ន​ ព្រម​ទាំង​កាត់​​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ផងដែរ​៕