សម្ដេចតេជោ មានប្រសាសន៍ថា សន្តិភាព បានធ្វើឱ្យពិធីបុណ្យជាតិធំៗ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមតេលេក្រាមផ្ទាល់របស់សម្ដេច ដោយមានខ្លឹមសារថា អបអរសាទរ និងសប្បាយរីករាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យនេះ ។

សាររបស់សម្ដេចតេជោដដែលបន្តថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនា​ការប្រណាំងទូកង​ នៅ​មាត់ទន្លេឱ្យបានច្រើនកុះករ ឬ​ទិញទំនិញតាមស្តង់តាំងពិព័រណ៍​ទំនិញជាច្រើន ​នៅតាមទីតាំង​នីមួយៗ​ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ ដែលមានប្រគំជូននៅតាមសួនសាធារណៈ ។

សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដដែលបានរម្លឹកឱ្យដឹងថា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកនៅថ្ងៃនេះដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមរីករាយជួបជុំក្រុមគ្រួសារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅឆ្នាំ២០២៣ នេះផងដែរ៕