ប្រព័ន្ធ Cambodia e-Arrival ក្រសួងមហាផ្ទៃ ត្រៀមដាក់ ឱ្យដំណើរការនៅប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋាន អន្តរជាតិ ចំនួន២។
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានគំនិតផ្ដួចផ្ដើម និងការដឹកនាំដ៏ខ្ពង់ខ្ពស់លើ ប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្ដិ៍នគរបាល អាកាសយានដ្ឋាន ខេត្តព្រះសីហនុ និងអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ ។
យោងលើគេហទំព័រហ្វេសប៊ុករបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែវិច្ឆិកា បានឲ្យដឹងថា ប្រព័ន្ធ Cambodia e-Arrival នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជាអង្គភាពសមត្ថកិច្ចទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការជំនាញនេះ ។ ការដាក់ឱ្យដំណើរការប្រព័ន្ធនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួល ជូនអ្នកដំណើរគ្រប់រូប ដែលចូលមកកាន់ ព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពងាយស្រួល ក្នុងការបំពេញ បែបបទទុកជាមុន ក្នុងទម្រង់អេឡិច ត្រូនិចរួមគ្នាតែមួយដង ។
គួរបញ្ជាក់ដែរថា បែបបទទាំងនោះរួមមាន ព័ត៌មានសម្រាប់ស្នើសុំទិដ្ឋាការ នៅពេលមកដល់(Visa on Arrival) សលាកបត្រអន្តោប្រវេសន៍ ការប្រកាសព័ត៌មានគយ និងសុខាភិបាល ជាដើម ៕