យោធាអ៊ីស្រាអែល ៖ កំពុងត្រៀមខ្លួន សម្រាប់ដំណាក់កាលបន្ទាប់ នៃប្រតិបត្តិការនៅហ្កាហ្សា
បរទេស ៖ កងកម្លាំងអ៊ីស្រាអែល ដែលប្រើបទឈប់បាញ់រយៈពេល៤ថ្ងៃ ជាមួយក្រុមហាម៉ាស់ កំពុងត្រៀមខ្លួន សម្រាប់ដំណាក់កាលបន្ទាប់ នៃប្រតិបត្តិការរបស់ពួកគេនៅក្នុងតំបន់ហ្កាហ្សា នេះយោងតាមអ្នកនាំពាក្យយោធារបស់អ៊ីស្រាអែល បានលើកឡើងកាលពីថ្ងៃសុក្រ ។
ឧត្តមនាវីឯក Daniel Hagari បានធ្វើសន្និសីទសារព័ត៌មានភ្លាមៗ បន្ទាប់ពីចំណាប់ថ្នូរស្ត្រី និងកុមារ អ៊ីស្រាអែល ១៣ នាក់ ត្រូវបានដោះលែងពីតំបន់ហ្កាហ្សា។
ពួកគេត្រូវបានចាប់ជាចំណាប់ថ្នូរ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសអស់រយៈពេល ៤៩ថ្ងៃ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលខ្មាន់កាំភ្លើងរបស់ ក្រុមសកម្មប្រយុទ្ធបានសម្រុកចូលទីប្រជុំជន និងភូមិនានារបស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់ នេះយោងតាមអាជ្ញាធររបស់អ៊ីស្រាអែលបានឲ្យដឹង ។
ការសម្រុកចូលដ៏ឃោឃៅនេះ បានជំរុញឱ្យភាគីអ៊ីស្រាអែល បើកការវាយប្រហារយោធា ដ៏មហន្តរាយប្រឆាំងក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា ដោយបានសម្លាប់ប្រជាជនហ្កាហ្សាប្រមាណ ១៤.០០០នាក់ នេះយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹង ។
ជនជាតិថៃ១០នាក់ និងហ្វីលីពីនម្នាក់ ក៏ត្រូវបានក្រុមហាម៉ាសចាប់ពង្រត់ផងដែរ ហើយត្រូវបានដោះលែងកាលពីថ្ងៃសុក្រ៕