ការដាក់សម្ពាធឲ្យលោកហ្សេឡិនស្គី ពីអាល្លឺម៉ង់ និងអាមេរិក ឲ្យចរចាជាមួយរុស្ស៊ី
បរទេស៖ ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក នឹងដាក់សម្ពាធលើអ៊ុយក្រែនឲ្យចរចាជាមួយរុស្ស៊ី ដោយកាត់បន្ថយការផ្តល់អាវុធ នៅក្នុងអ្វីដែលនឹងក្លាយជាការប៉ះពាល់ដ៏ធំ ចំពោះក្តីសង្ឃឹមនៃជ័យជម្នះរបស់ទីក្រុងគីវ បើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍កាលពីថ្ងៃសុក្រ ។
សារព័ត៌មាន Bild របស់អាល្លឺម៉ង់ បានរាយការណ៍ពីអ្វី ដែលខ្លួនបានពិពណ៌នាថា ជាផែនការ «សម្ងាត់» របស់អាល្លឺម៉ង់-អាមេរិក ដើម្បីបង្ខំឲ្យអ៊ុយក្រែន បើកកិច្ចចរចាសន្តិភាព ដោយដកស្រង់ប្រភពនានា នៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំង នៅក្រោមផែនការនោះ នឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធ និងអាវការពារគ្រាប់រំសេវឲ្យបានគ្រប់គ្រាន់សម្រាប់ខ្សែត្រៀមជួរមុខបច្ចុប្បន្ន ប៉ុន្តែមិនគ្រប់គ្រាន់ ដើម្បីដណ្តើមយកទឹកដីដែលរុស្ស៊ីកាន់កាប់ មកវិញនោះទេ ។
ពួកគេសង្ឃឹមថា នឹងជំរុញលោក វ៉ូឡូមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន ឆ្ពោះទៅរកតុចរចាជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន ៕