NASA រកឃើញភពមួយស្រដៀងនឹងផែនដី តែមួយឆ្នាំមានតែជាងបីថ្ងៃ
NASA បានរកឃើញភពថ្មីមួយ ដែលមានឈ្មោះថា LTT 1445 Ac កំពុងគោចរជុំវិញកូនផ្កាយក្រហមមួយដួង។ ភព LTT 1445 Ac ដែលត្រូវបានរកឃើញដំបូងដោយតេឡេស្កុប TESS របស់ណាសា ស្ថិតនៅក្នុងប្រព័ន្ធផ្កាយបីដ៏ចម្លែកមួយ និងមានចម្ងាយពីផែនដីប្រហែល 22 ឆ្នាំពន្លឺ ដែលមួយឆ្នាំពន្លឺមានចម្ងាយ 9.46 លានលាន/ទ្រីលាន (9,460,000,000,000) គីឡូម៉ែត្រ ។
LTT 1445 Ac គោចរជុំវិញកូនផ្កាយក្រហមមួយដួង ដែលមានឈ្មោះថា LTT 1445 A តែប៉ុណ្ណោះ ប៉ុន្តែ បើសិនអ្នកស្ថិតនៅលើភពនេះ អ្នកអាចមើលឃើញទាំងផ្កាយ LTT 1445 B និង LTT 1445 C ធ្វើឱ្យទិដ្ឋភាពលើភពនេះ ស្រដៀងទៅនឹងភពប្រឌិតមួយនៅក្នុងខ្សែភាពយន្ត Star Wars ។
ទស្សនាវដ្ដី Astronomical Journal ទើបត្រូវបានប្រកាស ក្នុងរបាយការណ៍ស្រាវជ្រាវមួយ ដោយក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយបណ្ឌិត Emili Pass មកពីមជ្ឈមណ្ឌលរូបវិទ្យាតារាសាស្ត្រ Harvard & Smithsonian (សហរដ្ឋអាម៉េរិក) បានរកឃើញប្រការពិសេសមួយ នោះគឺថា LTT 1445 Ac ស្ថិតក្នុងប្រភេទភពដែលមានទំហំប៉ុនផែនដី។
យោងតាមការសង្កេតបន្ថែមដោយតេឡេស្កុប Hubble ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិកបានគណនាឃើញថា ភពនេះមានម៉ាសធ្ងន់ជាង 1.37 ដង និងកាំធំជាង 1.07 ដង ធៀបនឹងផែនដី។ ដូច្នេះ ភពថ្ម LTT 1445 Ac មានម៉ាស និងទំហំប្រហាក់ប្រហែលនឹងផែនដី ។
ប្រការដែលគួរឱ្យស្ដាយគឺថា LTT 1445 Ac ស្ថិតនៅក្បែរផ្កាយមេរបស់វាពេក ធៀបនឹងការចង់បានរបស់មនុស្ស ។ បើទោះកូនផ្កាយនេះមានពន្លឺតិច និងត្រជាក់ជាងព្រះអាទិត្យរបស់មនុស្ស ប៉ុន្តែដោយសារវដ្ដនៃគន្លងគោចរត្រឹមតែ 3.12 ថ្ងៃ ផ្ទៃរបស់ភព LTT 1445 Ac មានសីតុណ្ហភាពរហូតដល់ 260 អង្សាសេ ដែលមិនងាយនឹងឱ្យជីវិតដូចលើផែនដី អាចកកើតបាន ។
ស្ថានភាពរបស់ភព LTT 1445 Ac អាចជួយឱ្យអ្នកវិទ្យាសាស្ត្រយល់ច្បាស់ជាងមុន អំពីរបៀបដែលភពស្រដៀងនឹងផែនដី អាចកកើត និងរីកចម្រើននៅក្នុងប្រព័ន្ធផ្កាយផ្សេងៗ ដែលនេះក៏នឹងជួយកាត់បន្ថយទំហំ នៃការស្វែងរកជីវិតនៅក្នុងចក្រវាល ៕