«សន្តិភាព មិត្តភាព-ឆ្នាំ២០២៣» ជាឈ្មោះសមយុទ្ធពហុសាសន៍ ធ្វើឡើងនៅប្រទេសចិនបិទបញ្ចប់ថ្ងៃនេះ
ភ្នំពេញ៖ ការធ្វើសមយុទ្ធពហុសាសន៍ ដែលមានឈ្មោះថា «សន្តិភាពមិត្តភាព-ឆ្នាំ២០២៣» នៅក្រុងចាំងជាំង ខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន ជាការហ្វឹកហ្វឺនរួមគ្នាអស់រយៈពេល៩ថ្ងៃ បានបិទបញ្ចប់ហើយ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពមេបញ្ជាការជាន់ខ្ពស់ នៃបណ្តាប្រទេសចូលរួមទាំង៦ ដែលមានភាគីចិនជាម្ចាស់ផ្ទះ កម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ និងវៀតណាម ។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទសមយុទ្ធនោះ បានថ្លែងអំណរគុណកងទ័ពរំដោះប្រជាជនចិន ចំពោះការផ្តួចផ្តើមធ្វើជាម្ចាស់ផ្ទះសមយុទ្ធពហុសាសន៍នេះឡើង ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសនៅក្នុងតំបន់ សំដៅជំរុញកិច្ចសហប្រតិបត្តិការយោធា និងចក្ខុវិស័យសន្តិសុខរួមគ្នានៅក្នុងតំបន់ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃការធ្វើសមយុទ្ធរួមគ្នានេះថា ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងកងទ័ពទាំង៦ប្រទេសដែលបានចូលរួម ហើយពិតជាផ្តល់នូវសារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ព ដូចជាការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក របៀបដឹកនាំបញ្ហាយុទ្ធវិធីផ្សេងៗគ្នា យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗជាដើម។
ទន្ទឹមនឹងនេះដែរសមយុទ្ធក៏បានធ្វើឱ្យកងទ័ពបណ្តាប្រទេសដែលបានចូលរួមពង្រឹងបាននូវទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួល រស់នៅ និងធ្វើការងាររួបគ្នាជាមួយជាតិសាសន៍ដទៃក្នុងពេលធ្វើប្រតិបត្តិការរួម ដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការទាំងថ្នាក់ជាតិ និងអន្តរជាតិ ចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមានជាយថាហេតុណាមួយនោះ។
នៅក្នុងកម្មវិធីបិទនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានសម្តែងការជឿជាក់ថា សមយុទ្ធពហុសាសន៍ ដែលមានឈ្មោះថា«សន្តិភាព មិត្តភាព-ឆ្នាំ២០២៣»នេះ នឹងបន្តរីកចម្រើនជាលំដាប់ និងមានការចូលរួមពីបណ្តាប្រទេសនានា នៅក្នុងតំបន់ឲ្យកាន់តែច្រើនបន្ថែមទៀតនាពេលអនាគត ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោក ។
សូមបញ្ជាក់ថានេះ គឺជាលើកទីមួយដែលប្រទេសចិនបានរៀបចំធ្វើសមយុទ្ធ «សន្តិភាព មិត្តភាព» នេះឡើង ក្នុងគោលបំណងលើកកំពស់សមត្ថភាពភាគី ដែលចូលរួមសម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្មនៅទីក្រុង និងដែនសមុទ្រ ប្រតិបត្តិការប្រឆាំងការលួចឆ្លងដែន ដើម្បីបង្កើនទំនុកចិត្តគ្នាខាងយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាដើម ៕