ប្រធានរដ្ឋចិន អំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ និងដោះលែងចំណាប់ថ្នូរ ក្នុងសង្គ្រាមអ៊ីស្រាអែល -ហាម៉ាស់
ចិន៖ ប្រធានាធិបតីចិន លោក Xi Jinping លើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានថ្លែង កាលពីថ្ងៃអង្គារ ដោយអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំស៊ីវិលទាំងអស់ និងមានបទឈប់បាញ់បន្ទាន់ ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈលោក បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតរបស់មេដឹកនាំប្រទេស BRICS ។
លោក Xi និយាយថា ភាគីទាំងអស់នៅក្នុងជម្លោះគួរតែបញ្ឈប់ជាបន្ទាន់ការប្រយុទ្ធគ្នា និងអរិភាព បញ្ឈប់រាល់អំពើហិង្សា និងការវាយប្រហារដែលដាក់គោលដៅទៅលើជនស៊ីវិល ហើយដោះលែងអ្នកជាប់ឃុំស៊ីវិល ដើម្បីជៀសវាងការបាត់បង់ជីវិត និងការរងទុក្ខកាន់តែច្រើន នេះយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ បានឲ្យដឹង ។
លោក ពុំបានធ្វើការបញ្ជាក់ច្បាស់ការ និយាយយោងទៅរកចំណាប់ថ្នូរប្រមាណ ២៤០នាក់ ដែលត្រូវបានចាប់ពង្រត់ពីប្រទេសអ៊ីស្រាអែល ដោយក្រុមហាម៉ាសកាលពីខែមុន និងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានអ៊ីស្រាអែលឃុំឃាំងខ្លួននោះទេ ។ លោក Xi បានអំពាវនាវឱ្យមាន «សន្និសីទសន្តិភាពអន្តរជាតិ» ដើម្បីដោះស្រាយជម្លោះរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស ។
លោក Xi បន្តថា «នឹងមិនអាចមានសន្តិភាព និងសន្តិសុខប្រកបដោយនិរន្តរភាពនោះទេ នៅមជ្ឈឹមបូព៌ា បើគ្មានដំណោះស្រាយត្រឹមត្រូវ ចំពោះបញ្ហារបស់ប៉ាឡេស្ទីន ។ «ប្រទេសចិន អំពាវនាវឲ្យមានការកោះប្រជុំនៅសន្និសិទសន្តិភាពអន្តរជាតិមួយ ដែលមានសិទ្ធិអំណាចជាងនេះ ក្នុងការកសាងការឯកភាពអន្តរជាតិសម្រាប់សន្តិភាព» ។
ចាប់តាំងពីការផ្ទុះឡើងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ចុងក្រោយនេះ ប្រទេសចិនបាននឹងកំពុងធ្វើការយ៉ាងសកម្មដើម្បីជំរុញកិច្ចចរចាសន្តិភាព និងបទឈប់បាញ់ ហើយទីក្រុងប៉េកាំង បានផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយបន្ធូរបន្ថយស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា ហើយនឹងបន្តធ្វើបែបនេះទៀត ៕