រុស្ស៊ីលើកឡើងថា សន្តិសហវិជ្ជមានជាមួយអ៊ុយក្រែន គឺមិនអាចទៅរួចទេជាមួយរបបបច្ចុប្បន្ននេះ

រុស្ស៊ី​ ៖ បើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់រុស្ស៊ីថា “ រុស្ស៊ី មិនអាចរួមរស់តាមបែបសន្តិសហវិជ្ជមានជាមួយ «របប» នាពេលបច្ចុប្បន្ននៅក្នុងទីក្រុង គីវ បានទេ ” បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ដោយបញ្ជាក់សារជាថ្មី អំពីគោលដៅនៃអ្វីដែលលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ហៅថាប្រតិបត្តិការយោធាពិសេសមួយដើម្បី «លុបបំបាត់យោធា» នៅអ៊ុយក្រែន ។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមនៅអឺរ៉ុប និងការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ី និងលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់មក ។

លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតរុស្សី បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូ ថា «របបបច្ចុប្បន្នរបស់ទីក្រុង គីវ គឺជារបបគ្រោះថ្នាក់ ហើយយើងមើលមិនឃើញជម្រើសណាមួយសម្រាប់ការរួមរស់សន្តិសហវិជ្ជមានជាមួយប្រទេសនេះនៅពេលនេះទេ» ។

រីឯលោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានច្រានចោលការចរចាជាមួយលោកពូទីន ខណៈបើកចំហឳកាសដើម្បីពិភាក្សាជាមួយរុស្ស៊ី ។

លោក Miroshnik ឯកអគ្គរដ្ឋទូត បាននិយាយថា រុស្ស៊ីអាចទប់ទល់នឹងអង្គការណាតូបាន ដរាបណាខ្លួនត្រូវការដើម្បីកម្ចាត់កងកម្លាំងអ៊ុយក្រែន ហើយថាមិនយូរទេលោកខាងលិច នឹងបាត់បង់ចំណាប់អារម្មណ៍លើអ៊ុយក្រែន មានន័យថា ភាពជាអ្នកដឹកនាំរបស់ទីក្រុងគីវ នឹងដួលរលំ ។

ទីក្រុងគីវ និយាយថា ខ្លួននឹងបន្តប្រយុទ្ធរហូតដល់ទាហានរុស្ស៊ី ចុងក្រោយបានចាកចេញពីទឹកដីរបស់ខ្លួន ហើយបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ពួកគេនឹងបន្តគាំទ្រអ៊ុយក្រែន ៕