សម្តេចធិបតីថ្លែងសារសំខាន់ៗ ក្នុងឱកាសសម្ពោធឲ្យប្រើប្រាស់ផ្លូវការ ផ្លូវជាតិលេខ៥ និងបើកការដ្ឋានសាងសង់បន្តពីសិរីសោភ័ណ-ប៉ោយប៉ែត
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសារសំខាន់ៗ ដែលមានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ២២ វិច្ឆិកា ២០២៣ ជាថ្ងៃពិសេសមួយដែលបង្ហាញពីនិ ម្មិតរូបនៃការបន្តអភិវឌ្ឍន៍, និម្មិតរូបនៃការបន្តទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា និម្មិតរូបនៃខួបទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន, និម្មិតរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលកាន់តែរឹងមាំ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំបានប្រាប់ភាគីមិត្តនៅតាម បណ្ដាប្រទេសនានាថា កម្ពុជាប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព។
-សម្តេចធិបតី នាយករដ្ឋមន្រ្តី៖ កំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា-ជប៉ុន ខណៈសមិទ្ធផលនេះ គឺកើតចេញជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសទាំងពីរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមានការគ្រប់គ្រងលើការខ្ចីបុលពីបរទេស ក្នុងកម្រិតដែលគ្រប់គ្រងបាន និងមិនបំពានចំពោះច្បាប់នៃការគ្រប់គ្រងថវិការបស់កម្ពុជានោះ ឡើយ។
-សម្ដេចធិបតី បញ្ជាក់ថា ការខ្ចីបុលថវិកាពីប្រទេសនានា គឺដើម្បីពន្លឿន ការអភិវឌ្ឍនៅកម្ពុជា និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៣ខែដំបូង នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាលមិនបានសម្រាកទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅ អាណត្តិទី៧ នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ពលរដ្ឋ ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ បន្តនិរន្តរភាព និងចីរភាព ជាដើម។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជានឹងមានស្ពានវែងជាងគេ ដែលមានប្រវែងជាង ៣ គីឡូម៉ែត្រ កាត់ពីលើទន្លេសាប។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ កំពង់ផែខេត្តព្រះសីហនុ ដែលជាចំណុចកណ្ដាលនៃការ ឆ្លងកាត់របស់នាវាដឹកទំនិញនៃប្រទេសនានាក្នុងតំបន់ នឹងក្លាយជាកំពង់ផែដ៏មានសក្ដានុពលមួយនៅ ពេលខាងមុខ ក្រោយការសាងសង់ពង្រីកជាកំពង់ផែទឹកជ្រៅ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ផ្លូវជាតិលេខ៥០-C តភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ មានការសិក្សាប្រើរយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមរក្សា ថែផ្លូវនៅកម្ពុជា ដែលជាសម្បត្តិរួម ដើម្បីពលរដ្ឋប្រើប្រាស់បានច្រើនឆ្នាំទៅមុខ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធថែរក្សា ថែទាំសមិទ្ធផល ផ្លូវថ្នល់ និងស្ពានដែលបានសាងសង់ឡើងនូវទូទាំងប្រទេសឱ្យបានល្អ ហើយត្រូវពិនិត្យមើលលើការដឹកជញ្ជូនឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជាពិសេសត្រូវសហការជាមួយវិស័យឯកជនលើវិស័យដឹកញ្ជូនចំពោះការអនុវត្តការងារនេះ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបញ្ឈប់ការ ប្រើប្រាស់យ័ន្តការពារ(ខ្នងបង្អែក) ដើម្បីបំពានច្បាប់ចរាចរណ៍នៅកម្ពុជា។