ការគាំទ្រពីអភិបាលរដ្ឋតិចសាស ចំពោះលោកដូណាល់ត្រាំ ទទួលបាន សម្រាប់តំណែងប្រធានាធិបតីឆ្នាំ ២០២៤

សហរដ្ឋអាមរិក ៖ លោកដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិក បានទទួលការគាំទ្រសម្រាប់ការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៤ ពីអភិបាលរដ្ឋតិចសាស លោក Greg Abbott នៅក្នុងព្រឹត្តិការណ៍ជួបជុំគ្នាមួយនៅតំបន់ក្បែរព្រំដែនជាមួយប្រទេសម៉ិកស៊ិកកូ កាលពីថ្ងៃអាទិត្យ ខណៈកំណើនបញ្ហាជនចំណាកស្រុកបរទេសហាក់បានធើ្វឱ្យអភិបាលរដ្ឋមួយនេះ លែងមានជំនឿទៅនឹងការដឹកនាំរបស់លោកប្រធានាធិបតី ចូបៃដិន ហើយចង់ឃើញលោក ដូណាស់ត្រាំ វិលត្រឡប់មកជាមួយនឹងវិធានការរឹតបន្តឹងព្រំដែនរបស់លោក ដូចកាលពីអតីតកាលដើម្បីកាត់បន្ថយចំនួនជនចំណាកស្រុកបរទេសខុសច្បាប់ ។

អភិបាលរដ្ឋតិចសាសបានលើកឡើងជាបន្តថា គោលនយោបាយព្រំដែនដ៏ធូរលុងរបស់ លោកប្រធានាធិបតី ចូបៃដិន កំពុងតែបង្កគ្រោះថ្នាក់ដល់អនាគត របស់ពលរដ្ឋអាមេរិកទាំងមូល ខណៈលោកបានថ្លែងសរសើរ ចំពោះវិធានការរឹតបន្តឹងរបស់លោក ដូណាល់ត្រាំ ដែលធ្លាប់បានជួយទប់ស្កាត់ចំនួនជនចំណាកស្រុកបរទេស ឱ្យធ្លាក់មកនៅទាបបំផុតមិនធ្លាប់មាន ។

លោក Greg Abbott បានបន្តឱ្យដឹងថា ចាប់តាំងពីអាណត្តិដឹកនាំរបស់រដ្ឋបាលលោក ចូបៃដិន មកមានពលរដ្ឋចំណាកស្រុកបរទេសប្រមាណជាង ៥លាននាក់ ត្រូវក្រុមអាជ្ញាធរឆ្មាំព្រំដែនអាមេរិកធើ្វការចាប់ខ្លួន ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ។

សូមជម្រាបថា លោកត្រាំ ដែលជាបេក្ខភាពប្រកួតប្រជែងតំណែងប្រធានាធិបតី កំពុងនាំមុខគេរបស់គណបក្សសាធារណរដ្ឋ បានធើ្វដំណើរមកកាន់តំបន់ Edinburg នៃរដ្ឋ Texas ជាមួយនឹងអភិបាលរដ្ឋតិចសាស់ លោក Greg Abbott ដើម្បីចុះសួរសុខទុក្ខក្រុមមន្រ្តីរដ្ឋាភិបាល​ និងកងកម្លាំងយោធានៅទីនោះ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការរបស់ លោកត្រាំ ដើម្បីស្វែងរកការគាំទ្របន្ថែមសម្រាប់ ការបោះឆ្នោតប្រធានាធីបតីនៅឆ្នាំ ២០២៤ ៕

ប្រភព៖ Reuters Connect