សភាប្រទេសអាល់បានី ផ្ទុះការតវ៉ា ជុំវិញដំណើរការអនុម័តច្បាប់ថវិកាជាតិឆ្នាំ ២០២៤

អាល់បានី៖ គណបក្សប្រឆាំងរបស់ប្រទេសអាល់បានី មានក្រុមអ្នកតំណាងរាស្រ្ត បានរួមគ្នាសម្តែងការតវ៉ានៅក្នុងស្ថាប័នសភា អំឡុងដំណើរការអនុម័តច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០២៤  កាលពីថ្ងៃចន្ទ ដោយបានធើ្វការដុតបង្ហុយគ្រាប់បែកផ្សែង និងដុតបញ្ឆេះពួតភ្លើងនៅខាងក្នុងបរិវេណអង្គប្រជុំ ក្នុងគោលបំណងដើម្បីរារាំងដំណើរការបោះឆ្នោត។
នៅកណ្តាលអង្គប្រជុំ កៅអីជាច្រើនត្រូវគេយកទៅដាក់គរលើកគ្នា និងពោរពេញទៅដោយផ្សែងចម្រុះពណ៌យ៉ាងអាប់អួរ ស្របពេលសន្តិសុខបានព្យាយាមទប់ស្កាត់ក្រុមអ្នកតវ៉ា មិនឱ្យចូលទៅក្បែរកន្លែងអង្គុយរបស់លោកនាយករដ្ឋមន្ត្រី Edi Rama។

ទាក់ទិននឹងរឿងនេះ លោក Sali Berisha  មេដឹកនាំគណបក្សប្រឆាំង និងជាអតីតនាយករដ្ឋមន្រ្តីរបស់ប្រទេសអាល់បានី បានចោទប្រកាន់រដ្ឋាភិបាលថា បានព្យាយាមបំបិទសម្លេងក្រុមអ្នកប្រឆាំងនៅក្នុងសភា ខណៈគណបក្សសង្គមនិយមរបស់លោក Edi Rama មានចំនួនអាសនៈភាគច្រើនសម្រាប់ដំណើរការបោះឆ្នោតអនុម័តច្បាប់នានាដោយមិនចាំបាច់មានការគាំទ្រពីក្រុមអ្នកនយោបាយប្រឆាំង ។

កាលពីខែតុលាកន្លងទៅ លោក Edi Rama រដ្ឋអាជ្ញារបស់រដ្ឋាភិបាល បានចោទប្រកាន់លោក Berisha និងកូនប្រសារពីបទអំពើពុករលួយជុំវិញ កិច្ចសន្យាដីធ្លីពាក់ព័ន្ធនឹងក្លឹបកីឡាមួយកន្លែង ដែលញាំងឱ្យកូនប្រសាររបស់ លោកត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈដែលលោកត្រូវអាជ្ញាធរហាមប្រាម មិនឱ្យធើ្វដំណើរចាកចេញពីប្រទេស ។ ពាក់ព័ន្ធនឹងបទចោទប្រកាន់នេះដែរ លោក Berisha បានចាត់ទុកថាជារឿងនយោបាយ ដែលត្រូវបានផ្តើមគំនិតឡើងដោយលោកនាយករដ្ឋមន្រ្តី Edi Rama ដើម្បីធើ្វទុក្ខបុកម្នេញលើរូបលោក ក្នុងនាមជាមេដឹកនាំមួយរូបរបស់គណបក្សប្រឆាំង ៕ ប្រភព៖ Reuters Connect