សម្តេចធិបតីមានប្រសាសន៍ថា មិនខ្វះទេក្រុមចង់បំផ្លាញប្រទេស ប៉ុន្តែសំខាន់នៅលើពលរដ្ឋយើងទេដែលវិនិច្ឆ័យដោយត្រឹមត្រូវ
ភ្នំពេញ ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាមានប្រសាសន៍ថា សព្វថ្ងៃនេះមិនខ្វះទេ គឺនៅតែមានក្រុមដែលចង់បំផ្លាញប្រទេសជាតិដ៏រីកចម្រើន ប៉ុន្តែទោះជាយ៉ាងណា សម្តេចថា សំខាន់គឺស្ថិតនៅលើប្រជាពលរដ្ឋយើងទេ ដែលមានការយល់ដឹងនិងវិនិច្ឆ័យដោយត្រឹមត្រូវ ។
សម្តេចធិបតី បានថ្លែងបែបនេះ ខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៣ ជាង១ម៉ឺន៨ពាន់នាក់ ដែលមានមូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១វិច្ឆិកានេះ ។
សម្តេចធិបតីបានលើកឡើងថា៖ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកដល់បច្ចុប្បន្នបាននឹងកំពុងប្រឹងប្រែងខ្លាំងណាស់ដើម្បីសេចក្តីសុខ និងការអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែទោះជាបែបនេះក្តី នៅតែមានក្រុមជ្រុលនិយមតែងតែប៉ុនប៉ងចង់បំផ្លាញប្រទេសជាតិ ។
សូមបញ្ជាក់ថា កន្លងមកនឹងជានិច្ចកាល ក្រុមដែលមាននិន្នាការប្រឆាំងជាពិសេសទណ្ឌិត សម រង្ស៊ី តែងតែបង្កការញុះញង់ទៅកាន់កម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាសនូវគ្រប់រូបភាព ឱ្យធ្វើបាតុកម្ម បង្កការបំផ្លិចបំផ្លាញនាំឱ្យបាត់បង់ឱកាសការងារជាច្រើន ។ ដោយការយល់ដឹងកាន់តែទូលាយពីគុណតម្លៃការងារ និងផលប្រយោជន៍ជាច្រើនដែលទទួលបានពីការគិតគូរ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បានធ្វើឱ្យមនោគមន៍នៃការញុះញង់របស់ក្រុមប្រឆាំងត្រូវបាត់ជំនឿ ពីគ្រប់ស្រទាប់ប្រជាពលរដ្ឋ និងកម្មករ និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសទាំងអស់ ហើយរោងចក្រ សហគ្រាសសព្វថ្ងៃគឺជាសហគមន៍ដ៏សុខសាន របស់កម្មករ និយោជិត ៕