ការគាំទ្រឱ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ដែលនៅក្បែរោងចក្រ ពីម្ចាស់រោងចក្រ សហគ្រាស ដើម្បីឱ្យបងប្អូនកម្មករនិយោជិតអាចយកទារក ឬកូនទៅផ្ញើ
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា «យោងតាមការពិភាក្សាកន្លងទៅនេះ ម្ចាស់រោងចក្រ សហគ្រាស បានគាំទ្រឱ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ ដែលនៅក្បែរោងចក្រ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតរបស់យើង ដែលមានកូនតូច ពិសេស រយៈពេល ៣ខែ ក្រោយលំហែមាតុភាព អាចយកទារក ឬកូនរបស់ខ្លួនទៅផ្ញើនៅទារកដ្ឋានសហគមន៍ ឬ មត្តេយ្យសហគមន៍ ដែលបច្ចុប្បន្ននេះ ទោះបីជាមិនមានទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ក៏រោងចក្រសហគ្រាសត្រូវមានកាតព្វកិច្ចបង្កើត ឱ្យមានបន្ទប់ដើម្បីបំបៅដោះកូន ដែលមានអ្នកថែទាំ និងមើលថែបន្ទប់ទាំងអស់នោះ ក៏ដូចជាមើលថែទារកផងដែរ ក៏ជាចំណាយមួយរបស់និយោជក ហើយការផ្តល់សេវានោះទៀតសោដ ក៏មិនមែនជាការផ្តល់សេវាដោយអ្នកជំនាញ ដូច្នេះនិយោជកគាំទ្រឱ្យមានការបង្កើតទារកដ្ឋានសហគមន៍ ឬ មត្តេយ្យ សហគមន៍ ដោយក្នុងនោះនិយោជកនឹងបង្វែរថវិកា ដែលខ្លួនធ្លាប់តែប្រើសម្រាប់ដំណើរការបន្ទប់ ថែទាំទារករបស់ខ្លួននេះ ទៅជាថវិកាដើម្បីទ្រទ្រង់ដំណើរការទារកដ្ឋានសហគមន៍ ឬ មត្តេយ្យសហគមន៍នេះវិញ» ។
ការថ្លែងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីជួបកម្មករ និយោជិតគម្រប់លើកទី១០ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា «គោលនយោបាយផ្តល់សាច់ប្រាក់ និងបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍នេះនឹងធ្វើឱ្យកូនចៅរបស់បងប្អូន កម្មករនិយោជិតមានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតីនិងបញ្ញាញាណរឹងមាំ និងទទួលបានកម្មវិធីអប់រំកុមារតូចតាំងពីបឋមវ័យ (Early Childhood Education) រហូតដល់កម្រិតបឋម ក៏ដូចជាកម្រិតមធ្យមសិក្សាជាបន្តបន្ទាប់ ។ កូនចៅជំនាន់ក្រោយរបស់បងប្អូនកម្មករនិយោជិតរបស់យើង នឹងកាន់តែមានមូលដ្ឋានអប់រំខ្ពស់ ។
អ្វីដែលជាក្តីសង្ឃឹមរបស់បងប្អូនកម្មកនិយោជិត ដែលកំពុងខិតខំធ្វើការចំពោះមុខនេះ គឺជួយទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាខ្លួនឯង ក៏ប៉ុន្តែកម្មវិធីនយោបាយរបស់សម្តេចធិបតី ក្នុងការជំរុញការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ នឹងផ្តល់ក្តីសង្ឃឹមថ្មីមួយទៀត គឺអនាគតដ៏ភ្លឺស្វាងរបស់កូនចៅបងប្អូនកម្មករនិយោជិត»៕