ប្រមុខមេដឹកនាំអាមេរិក លោកចូបៃដិន នឹងប្រារព្ធពិធីខួបកំណើតក្នុងវ័យ ៨១ ឆ្នាំ
អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូបៃដិន (Joe Biden) ឈានចូលដល់វ័យ ៨១ ឆ្នាំហើយនាពេលថ្មីៗនេះ ស្របពេលប្រជាជនអាមេរិក បានបង្ហាញក្តីព្រួយបារម្ភថា លោកមានកាយសម្បទា និងអាយុចាស់ពេកហើយសម្រាប់មុខតំណែងរបស់លោក នៅក្នុងការបោះឆ្នោតឡើងវិញ ។
ជាការឆ្លើយតបទៅកាន់អ្នក ដែលព្រួយបារម្ភចំពោះអាយុរបស់លោកថាចាស់ពេក លោកបៃដិន បានលើកឡើងថា បទពិសោធន៍របស់លោកជាងកន្លះសតវត្ស ក្នុងជីវិតសាធារណៈ គឺជាទ្រព្យសម្បត្តិមួយក្នុងការដោះស្រាយបញ្ហានានារបស់អាមេរិក ។
ដំណាលគ្នានេះ អ្នកនាំពាក្យសេតវិមាន អ្នកនាង ខារីន ជីង-ភើរី (Karine Jean-Pierre) បានថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មានថា លោកបៃដិន និងគ្រួសាររបស់លោក នឹងប្រារព្ធពិធីខួបកំណើតនៅចុងសប្តាហ៍នេះ នៅក្នុងពិធីបុណ្យ Thanksgiving ស្ថិតនៅលើកោះណាន់ធូខេត (Nantucket) ។
បន្ថែមពីនេះ នៅពេលអ្នកសារព័ត៌មានសួរសំនួរជុំវិញការស្ទង់មតិដែលព្រួយបារម្ភអំពីអាយុ អ្នកនាំពាក្យ បានឆ្លើយតបដែរថា លោក បៃដិន បានគ្រប់គ្រងសមិទ្ធផលច្បាប់សំខាន់ៗមួយចំនួន ដូចនេះហើយលោកគួរតែទទួលបានការវិនិច្ឆ័យទៅលើកំណត់ត្រារបស់លោក មិនមែនអាយុរបស់លោកនោះទេ។
គួរបញ្ជាក់ថា ប្រសិនបើជាប់ឆ្នោតឡើងវិញ លោក បៃដិន នឹងមានអាយុ ៨៦ ឆ្នាំ នៅពេលបញ្ចប់អាណត្តិទីពីរ របស់លោកក្នុងតំណែងប្រធានាធិបតីអាមេរិក ។
កាលពីមុន ប្រធានាធិបតីអាមេរិក ដែលមានអាយុចាស់ជាង គឺលោក រ៉ូណាល់ រីហ្គង់ (Ronald Reagan) មកពីគណបក្សសាធារណរដ្ឋ ក្រោយបញ្ចប់អាណត្តិទី២ ក្នុងឆ្នាំ ១៩៨៩ លោកមានអាយុ ៧៧ ឆ្នាំ ។ ទន្ទឹមនឹងនោះ អ្នកនាំមុខម្នាក់ទៀតមកពីគណបក្សសាធារណរដ្ឋ និងជាគូប្រជែងលោកបៃដិន គឺលោក ដូណាល់ត្រាំ នឹងចូលរួមបោះឆ្នោតឆ្នាំ ២០២៤ នៅអាយុ ៧៧ ឆ្នាំ ៕
ប្រភព៖ Reuters Connect