ការអនុវត្តដីកាតុលាការ សមត្ថកិច្ចចុះ នៅហាងកាហ្វេមួយទាំងយប់នៅតំបន់ផែថ្ម សង្ស័យមានការជួញដូរផ្លូវភេទ

ភ្នំពេញ ៖ សមត្ថកិច្ចមួយក្រុម ដែលមានពាក់ឯកសណ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងអនីតិជន បានចុះធ្វើការឃាត់ខ្លួនមនុស្សក្នុងទីតាំងហាងម៉ាស្សា ដែលជ្រកក្រោមស្លាកយីហោកាហ្វេ១កន្លែង ដែលមានស្លាកយីហោ ជូលីកាហ្វេ កាលពីវេលាម៉ោងជិត១១យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្បែរផ្ទះសំណាក់ផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងករណីនេះ ប្រជាពលរដ្ឋរស់នៅតំបន់ផែថ្ម នាំគ្នាស្រែកតវ៉ា សុំឱ្យនគរបាលប្រឆាំងការជួញដូរមនុស្ស និងអនីតិជន ដោះលែងស្ត្រីម្នាក់ ដោយអះអាងថា សមត្ថកិច្ចបានឃាត់ខ្លួនខុសមនុស្ស រហូតដល់មានជម្លោះទាស់សម្តី ឈានដល់ការប្រើហិង្សាទៅលើស្ត្រីម្នាក់ ខណៈស្ត្រីរូបនោះ បានយកកាហ្វេទៅឱ្យហាងម៉ាស្សាខាងលើនោះ ចំពេលសមត្ថកិច្ចកំពុងអនុវត្តដីកា ។ ករណីនេះបានបង្កការភ្ញាក់ផ្អើលកាន់តែខ្លាំង បន្ទាប់ពីស្ត្រីចំណាស់រូបនោះ ត្រូវជនស៊ីវិលម្នាក់ ដែលមកជាមួយមន្ត្រីមានឯកសណ្ឋាន២នាក់ទៀត ប្រើហិង្សាទៅលើរូបគាត់ ។

យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងធ្វើការ ស្រាប់តែទទួលដំណឹងថា ម្តាយរបស់ពួកគាត់ ត្រូវបានគេប្រើហិង្សា និងចាប់វាយខ្នោះរុញចូលហាងកាហ្វេខាងលើនោះមិនឱ្យចេញក្រៅ។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម ពួកគាត់បានមកដល់ទីតាំង ឃើញសភាពម្តាយត្រូវគេឃុំក្នុងហាង និងមានស្នាមវាយ ក៏ខឹងយ៉ាងខ្លាំងចំពោះទង្វើរនេះ ។ ពួកគាត់ក៏បានហៅអ្នកព័ត៌មាន និងប្រជាពលរដ្ឋមកជួយ ដោយអះអាងថា ម្តាយរបស់ពួកគាត់ មិនបានពាក់ព័ន្ធជាមួយការជួញដូរមនុស្សទេ ។ ដោយម្តាយគាត់សពថ្ងៃជាមេផ្ទះ និងរកស៊ីលក់កាហ្វេ និងលេងតុងទីនតែប៉ុណ្ណោះ ។

ក្នុងហេតុការណ៍ខាងលើនេះ កាន់តែភ្ញាក់ផ្អើលបន្ទាប់ពីអ្នកភូមិជួយឈឺឆ្អាល និងនាំគ្នាតវ៉ាឱ្យដោះលែងស្ត្រីរងគ្រោះខាងលើ ។ ចំណែកសមត្ថកិច្ចបានបកស្រាយថា ពួកគាត់មិនបានប្រើហិង្សាទៅលើស្ត្រីរងគ្រោះនោះទេ ចំណែកអ្នកវាយស្ត្រីរងគ្រោះ ពួកគាត់ក៏មិនបានស្គាល់ដែរ ដឹងត្រឹមតែចុះអនុវត្តតាមដីកា ស្របពេលស្ត្រីរងគ្រោះខាងលើ នៅក្នុងហាងដែលជាចំណុចត្រូវអនុវត្ត ។

ករណីនេះដោយសារមានការអះអាងជាច្រើនពីមហាជន ទើបសមត្ថកិច្ចធ្វើកិច្ចសន្យាដោះលែងស្ត្រីម្នាក់នោះ តាមសំណើប្រជាពលរដ្ឋ តែការអនុវត្តនៅតែបន្តទៅលើហាងកាហ្វេមួយនោះដដែល ៕