សម្តេចធិបតី នាយករដ្ឋមន្ត្រី អស់សំណើចចំពោះអ្នកខ្លះអង្គុយតែក្នុងបន្ទប់ និងអានសៀវភៅសោះ មកតាំងខ្លួនឯងជាអ្នកជំនាញ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបលក្ខណៈផ្លែផ្កា ដល់មនុស្សមួយក្តាប់តូចថា ដេកនៅតែក្នុងបន្ទប់ និងអានសៀវភៅសោះមកតាំងខ្លួនឯងជាអ្នកជំនាញ ហើយបានរិះគន់ដល់រាជរដ្ឋាភិបាលអាណត្តិទី៧ថា ក្នុងរយៈពេលបីខែមកនេះ ពុំបានធ្វើអ្វីចេញជាលទ្ធផលទាល់តែសោះ ខណៈរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយមួយចំនួនសម្រាប់ប្រជាជន និងប្រទេសជាតិក៏ពួកទាំងនោះ និយាយថាមិនល្អដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិត២ម៉ឺននាក់ តាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា សម្តេចពិតជាគួរឲ្យអស់សំណើចចំពោះអ្នក អង្គុយចាំរិះគន់មួយចំនួនតូច ដែលតែងតែតាំងខ្លួនឯងជាអ្នក Expert (អ្នកជំនាញ)   ដោយធ្វើការរិះគន់  គ្រប់បែបយ៉ាងចំពោះការដឹកនាំរបស់ សម្តេចក្នុងរយៈពេល៩០ថ្ងៃមកនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្តេចមិនបាន​ខ្វល់ខ្វាយ​ចំពោះក្រុមទាំងនោះទេ សំខាន់រាជរដ្ឋាភិបាលខិតខំរួមគ្នាធ្វើយ៉ាងណា ធ្វើអ្វីគ្រប់​យ៉ាងដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូលឲ្យកាន់តែរីកចម្រើនល្អបន្ថែមទៀត ។

ទោះជាយ៉ាងណាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋ​ទាំងអស់​មានការជឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ​ខណៈអ្វីដែលរដ្ឋាភិបាល កំពុងធ្វើ កំពុងគិតគូរ ​នឹងត្រូវបង្ហាញចេញជាលទ្ធផលក្នុងរយៈពេលខាងមុខនេះ ហើយលទ្ធផលទាំងនោះ​គឺនឹងធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិទាំងមូលកាន់តែ​សប្បូរសប្បាយ​បន្ថែមទៀត ៕