ការព្រមានពីកូរ៉េខាងត្បូង លើកូរ៉េខាងជើងឲ្យបោះបង់ចោល ផែនការបាញ់បង្ហោះផ្កាយរណបចារកម្ម

បរទេស ៖ ការព្រមានពីយោធាកូរ៉េខាងត្បូង លើកូរ៉េខាងជើងឲ្យបញ្ឈប់ជាបន្ទាន់នូវការរៀបចំ ដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្ម កាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ដោយប្តេជ្ញាថា នឹងចាត់វិធានការចាំបាច់ ប្រសិនបើការបាញ់បង្ហោះនោះ ដំណើរការទៅមុខ ។

ផ្កាយរណបចារកម្មជាលើកទី៣ កូរ៉េខាងជើងកំពុងរៀបចំត្រៀមបាញ់បង្ហោះ បន្ទាប់ពីជួបនូវភាពបរាជ័យ ២ដង នៅឆ្នាំនេះ ក្នុងកិច្ចប្រឹងប្រែងដាក់ការឃ្លាំមើលយោធា នៅក្នុងអាកាស ។

ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល នៅដើមខែនេះ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំ សម្រាប់ការសាកល្បងលើកទី៣ របស់ខ្លួន ហើយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Shin Won-sik បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា ការបាញ់បង្ហោះនេះ អាចនឹងកើតមាន នៅដើមសប្តាហ៍នេះ ។

លោក Kang Ho-pil  ប្រធានប្រតិបត្តិការនៅអគ្គសេនាធិការចម្រុះ បាននិយាយថា៖ «យើងសូមព្រមានយ៉ាងម៉ឺងម៉ាត់ដល់កូរ៉េខាងជើងថា ត្រូវបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការបាញ់ បង្ហោះផ្កាយរណបចារកម្មយោធា ។ ប្រសិនបើប្រទេសកូរ៉េខាងជើង បន្តការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា ទោះបីជាមានការព្រមានរបស់យើងក៏ដោយ យោធារបស់យើងនឹងចាត់វិធានការចាំបាច់នានា ដើម្បីធានាអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន» ។

សូមបញ្ជាក់ថា បន្ទាប់ពីការប៉ុនប៉ងលើកទី២ ជួបបរាជ័យ កាលខែសីហា ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួននឹងធ្វើការបាញ់បង្ហោះលើកទី៣ នៅក្នុងខែតុលា ទោះបីជាការបាញ់នោះ មិនធ្លាប់បានកើតមានឡើងក៏ដោយ៕