អ្នកគោរពបូជាសាសនាហិណ្ឌូឈរក្នុងទន្លេ Yamuna ដើម្បីប្រារព្ធពិធីបុណ្យ នៅទីក្រុងញូវដេលី តាមការបង្ហាញវីដេអូយានដ្រូន

ឥណ្ឌា ៖ សំណុំនៃពពុះដ៏គគ្រិចបង្ហាញរូបភាពពីយានដ្រូន ដែលកំពុងអណ្តែតក្នុងទន្លេ Yamuna នៅរដ្ឋធានីនៃប្រទេសឥណ្ឌា ខណៈដែលអ្នកគោរពបូជាសាសនា ឈរនៅក្នុងទឹកកខ្វក់នោះ ហើយថ្វាយដង្វាយដល់អាទិទេពសុរិយ ដើម្បីប្រារព្ធពិធីបុណ្យ «Chhath Puja» របស់សាសនាហិណ្ឌូ កាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា កន្លងមកនេះ។

នៅច្រាំងទន្លេ Yamuna  អ្នកកាន់សាសនារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា ហើយរង់ចាំវេនរបស់ខ្លួន ដើម្បីចុះទៅជ្រមុជទឹកក្នុងទន្លេដ៏កខ្វក់នោះ ទោះបីជាមានដុំពពុះ និងកាកសំណល់ដ៏គគ្រិចក៏ដោយ ។ ជារៀងរាល់ឆ្នាំ ទីក្រុង Bengaluru និងញូវដេលី បង្កើតបានជាព័ត៌មានធំជាសកល នៅពេលដែលបរិមាណទឹកដែលមានការបំពុលខ្លាំងក្នុងទីក្រុងនេះ បញ្ចេញនូវសំណុំនៃដុំពពុះកខ្វក់ពណ៌ស ដែលកើតឡើងដោយសារការលាយបញ្ចូលគ្នានៃកាកសំណល់ឧស្សាហកម្ម និងសំរាម ដែលត្រូវបានបោះចោលពាសវាលពាសកាល ។

ទន្លេ Yamuna នៅថ្ងៃខ្លះ គេមើលឃើញថា ហូរកាត់ទីក្រុងញូវដេលី គ្របដណ្ដប់ទៅដោយដុំពពុះក្រាស់ដូចពពុះម្សៅសាប៊ូ ។ ក្រុងញូវដេលីតែមួយគត់ បង្កើតបានទឹកស្អុយចំនួន ៣,៦ពាន់លានលីត្រជារៀងរាល់ថ្ងៃ ប៉ុន្តែដោយសារតែការគ្រប់គ្រងមិនល្អ តិចជាងពាក់កណ្តាលនៃចំនួននោះ ត្រូវបានធ្វើប្រព្រឹត្តិកម្មប្រកបដោយប្រសិទ្ធភាព ហើយសំណល់សេសសល់ ដែលមិនបានធ្វើប្រព្រឹត្តិកម្ម ត្រូវបានបោះចោលទៅក្នុងទន្លេ Yamuna ៕