រថក្រោះអ៊ីស្រាអែល ឡោមព័ទ្ធមន្ទីរពេទ្យទីពីរ ទារកកើតមិនគ្រប់ខែនៅហ្កាហ្សា ជម្លៀសទៅអេហ្ស៊ីប

ហ្កាហ្សា ជម្លៀសចេញពីមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា នូវទារកកើតមិនគ្រប់ខែចំនួន ២៨នាក់ ត្រូវបានគេនាំយកទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីព្យាបាលជាបន្ទាន់កាលពីថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ខណៈក្រុមអាជ្ញាធរប៉ាឡេស្ទីន និងអង្គការសុខភាពពិភពលោក បាននិយាយថាមនុស្ស ១២នាក់ ត្រូវបានសម្លាប់នៅមន្ទីរពេទ្យហ្កាហ្សា មួយផ្សេងទៀតដែលឡោមព័ទ្ធដោយរថក្រោះអ៊ីស្រាអែល ។

ទារកទើបកើតទាំងនោះ បានស្ថិតនៅក្នុងមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ភាគខាងជើងនៃតំបន់ហ្កាហ្សា ជាទីដែលទារកមួយចំនួនទៀតបានស្លាប់ បន្ទាប់ពីឧបករណ៍កម្ដៅខ្លួនរបស់ពួកគេត្រូវបានកាត់ផ្ដាច់ថាមពល ស្របពេលមានការដួលរលំនៃសេវាវេជ្ជសាស្រ្ត អំឡុងពេលការវាយលុកយោធារបស់អ៊ីស្រាអែល លើទីក្រុងហ្កាហ្សា ។

ការឡោមព័ទ្ធមន្ទីរពេទ្យស៊ីហ្វា របស់កងកម្លាំងអ៊ីស្រាអែល កាលពីសប្តាហ៍មុន ដើម្បីស្វែងរកអ្វីដែលពួកគេបាននិយាយថាជាបណ្តាញផ្លូវរូងក្រោមដី ដែលជាកម្មសិទ្ធិរបស់ក្រុមអ៊ីស្លាមនិយមហាម៉ាស បានសាងសង់នៅខាងក្រោមនោះ ។

អ្នកជំងឺរាប់រយនាក់ បុគ្គលិកពេទ្យ និងជនភៀសខ្លួនបានចាកចេញពីមន្ទីរពេទ្យស៊ីហ្វា កាលពីចុងសប្តាហ៍ ដោយក្រុមគ្រូពេទ្យនិយាយថា ពួកគេត្រូវបានបណ្តេញចេញដោយកងទ័ព ប៉ុន្តែអ៊ីស្រាអែលនិយាយថា ការចាកចេញនោះគឺជាការស្ម័គ្រចិត្តប៉ុណ្ណោះ ៕