សម្ដេចតេជោ ផ្តល់អនុសាសន៍ដល់អ្នកនិពន្ធថា បើសរសេរពីប្រវត្តិសាស្រ្ត ត្រូវយល់ឱ្យច្បាស់ពីប្រវត្តិសាស្រ្ត

ភ្នំពេញ៖  ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់នូវអនុសាសន៍ណែនាំដល់ សមាគមនអ្នកនិពន្ធខ្មែរ ក៏ដូចជាអ្នកនិពន្ធផ្សេងទៀតថា បើសរសេរពីប្រវត្តិសាស្រ្ត អ្នកនិពន្ធត្រូវយល់ឲ្យច្បាស់ពីប្រវត្តិសាស្រ្ត ស្រាវជ្រាវប្រវត្តិសាស្រ្តឲ្យបានច្បាស់លាស់ កុំយកគំនិតផ្ទាល់ខ្លួនទៅបញ្ចេញ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អនុញ្ញាតឲ្យឯកឧត្តម ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ ចំនួន ១០ រូប ចូលជួបសម្ដែងការគួរសមនៅវិមាន ៧មករា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ។

សម្តេចតេជោបានធ្វើការគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគត របស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឲ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជា។

ប្រធានសមាគមអ្នកនិពន្ធខ្មែរ ឯកឧត្តម ព្រីង ប្រណិត បានជម្រាបជូនសម្តេចតេជោ ពីសកម្មភាពការងារនាពេលកន្លងទៅរបស់សមាគមអ្នកនិពន្ធខ្មែរ លើការប្រមូលផ្តុំអ្នកស្រាវជ្រាវ ការចងក្រងតែងនិពន្ធ លើការដែលរាជរដ្ឋាភិបាលសំរេចបាន ។ ឯកឧត្តមប្រធាន បានជម្រាបជូនសម្តេចតេជោ ពីការរៀបចំប្រឡងស្នាដៃតែងនិពន្ធប្រចាំឆ្នាំ របស់សមាគមក្រោមប្រធានបទ ពានរង្វាន់ ៧មករា សន្តិភាព ដែលគ្រោងធ្វើនៅពេលខាងមុខ ។

ឯកឧត្តមប្រធានក៏បានជម្រាបសម្តេចតេជោ ពីគោលបំណងនៃការរៀបចំ ឲ្យមានការជួបជុំនៃអ្នកនិពន្ធរបស់បណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីធ្វើការពិភាក្សាលើការងារសិក្សាស្រាវជ្រាវ និងទិសដៅទៅថ្ងៃអនាគត លើស្នាដៃតែងនិពន្ធ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍គាំទ្រពីគោលបំណង និងទិសដៅរបស់សមាគមអ្នកនិពន្ធខ្មែរ ដែលបានសំរេចនូវស្នាដៃមួយចំនួន នាពេលកន្លងមក ។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះស្នាដៃរបស់អ្នកនិពន្ធ ខ្មែរ ប៉ុន្តែសម្តេចស្នើឲ្យមានការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យស្នាដៃរបស់អ្នកនិពន្ធកាន់តែទទួលបាននូវភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ ។

សម្តេចបានស្នើឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យ មើលលើតែងនិពន្ធរឿងអប់រំខ្លី ៗ ដែលបានផ្សព្វផ្សាយក្នុង   បណ្តាញសង្គម រឺក្នុងទីកតុក ដែលមានផ្នែកខ្លះខុសពីសច្ចៈភាពរបស់សង្គម ខុសការពិតធ្វើឲ្យប៉ះពាល់ដល់សង្គម។

សម្តេចតេជោមានប្រសាសន៍ទៀតថា បើសរសេរពីប្រវត្តិសាស្រ្ត អ្នកនិពន្ធត្រូវយល់ឲ្យច្បាស់ពីប្រវត្តិសាស្រ្ត ស្រាវជ្រាវប្រវត្តិសាស្រ្តឲ្យបានច្បាស់លាស់ កុំយកគំនិតផ្ទាល់ខ្លួនទៅបញ្ចេញ ។ ខណៈក្នុងជំនួបគ្នានោះ សម្តេចតេជោបានគាំទ្រឲ្យមានការប្រឡងតែងនិពន្ធ ពានរង្វាន់ ៧ មករា សន្តិភាព និងគាំទ្រឲ្យមានការជួបជុំអ្នកនិពន្ធបណ្តាប្រទេសទន្លេមេគ្គ និគាំទ្រឲ្យមានទិវានៃអ្នកនិពន្ធនាពេលខាងមុខ ៕