បច្ចុប្បន្នភាពសង្គ្រាមរវាងអ៊ីស្រាអ៊ែល-ហាម៉ាស់ប៉ាឡេស្ទីន ជាសង្ខេបដំណឹងគិតត្រឹមថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នំា២០២៣
-ប្រទេសអ៊ីស្រាអ៊ែលដាក់ការរំពឹងទុកថា អាចនឹងមានកិច្ចព្រមព្រៀងជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ទៅលើការដោះលែងជនចំណាប់ថ្នូរជាតិអ៊ីស្រាអ៊ែលទំាងអស់ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
-ស្ថិតនៅក្នុងបរិការណ៍នេះដែរ កងយោធាអ៊ីស្រាអ៊ែល រកឃើញផ្លូវរូងក្រោមដីប្រវែង៥៥ម៉ែត្រនៅខាងក្រោមបរិវេណមន្ទីរពេទ្យអាល់ ស៊ីហ្វាហ៍នៅក្នុងដែនដីហ្គាហ្សា។
-ប្រទេសអ៊ីស្រាអ៊ែលកំពុងតែ ស្ថិតនៅក្រោមសម្ពាធអន្តរជាតិក្នុងការជំរុញឱ្យមាន ការបង្ហាញភស្តុតាងនានាចំពោះក្លីបវីដេអូនានា ដែលខ្លួនបានលាតត្រដាងនៅតាមមន្ទីរពេទ្យ រួមទំាងតួលេខជនរងគ្រោះជាដើម តាមសេចក្តីរាយការណ៍បានឱ្យដឹងនៅថ្ងៃចន្ទនេះ ។
-ដោយឡែកបណ្តាញផ្សព្វផ្សាយសហរដ្ឋអាមេរិកវិញ បានផ្សាយបង្ហាញអំពីផ្លូវរូងក្រោមដី ដែលអ៊ីស្រាអ៊ែលអះអាងថា ផ្លូវរូងក្រោមដីនោះគឺជាផ្នែកមួយនៃបណ្តាញផ្លូវក្រោមដីរបស់ក្រុមហាម៉ាស់។
-នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលបុគ្គលិកមន្ទីរពេទ្យ ក្រុមអ្នកជំងឺបានរត់គេចខ្លួនចេញពីមន្ទីរពេទ្យដោយសារតែ ការបន្តវាយប្រហារពីសំណាក់កងយោធាអ៊ីស្រាអ៊ែល នោះបានលើកឡើងថា មន្ទីរពេទ្យបានក្លាយទៅជាទីតំាងវាយប្រហារគ្នា និងជាតំបន់មរណៈមានលក្ខណៈទ្រង់ទ្រាយធំ។
-ចំណែកឯ សហរដ្ឋអាម៉េរិក និងប្រទេសហ្គាតាវិញ កំពុងតែធ្វើការវាយតម្លៃ និងចរចាដើម្បីរកវិធីសាស្រ្តដោះលែងចំណាប់ថ្នូរទំាងអស់ ចេញពីកណ្តាប់ដៃរបស់ក្រុមហាម៉ាស់ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។
-ដោយយោងតាមតួលេខផ្លូវការចេញពីភាគីម្ខាងៗ ពោលគឺ អ៊ីស្រាអ៊ែល ហើយនិងប៉ាឡេស្ទីនឯណោះវិញបានឱ្យដឹងថា ចំនួនជនរងគ្រោះដែលស្លាប់ខាងភាគីអ៊ីស្រាអ៊ែលប្រមាណជា ១,២០០នាក់ និងចំនួន២៤០នាក់ផ្សេងទៀតត្រូវក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មំាងនៅក្នុងដែនដីហ្គាហ្សារហូតមកទល់នឹងថ្ងៃនេះ មិនទាន់បានដោះលែងនៅឡើយទេ។
-បើផ្អែកតាមការឱ្យដឹង ពីក្រសួងសុខាភិបាលជាតិប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់វិញ បានឱ្យដឹងថា តួលេខអ្នកស្លាប់គិតត្រឹមថ្ងៃចន្ទនេះ បានកើនឡើងដល់ទៅ១៣,០០០នាក់ហើយ ខណៈដែលគេសង្ស័យថា អាចនឹងមានមនុស្សប្រមាណជា ២,០០០នាក់ផ្សេងទៀត កប់នៅក្រោមគំនរបាក់បែករបស់អគារអំឡុងពេលនៃការទម្លាក់គ្រាប់បែកពីសំណាក់កងយោធាអ៊ីស្រាអែលនោះ ៕ ប្រភព៖ BBC/CNN/Aljazeera