សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ប្រទេសយើងផលិតកសិកម្ម តែកុំភ្លេចថា ប្រទេសនៅក្នុងអាស៊ានក៏ជាប្រទេសផលិតកសិកម្មដែរ មិនមែននៅសុខៗគេមកទិញអង្ករពីកម្ពុជានោះទេ ប្រសិនជាយើងមិនស្វែងរកទីផ្សារ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប្រទេសយើងជាប្រទេសផលិតកសិកម្ម តែកុំភ្លេចថា ប្រទេសនៅក្នុងអាស៊ានក៏ជាប្រទេសផលិតកសិកម្មដែរ »។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថ្លែងថា «យើងត្រូវរៀបចំផ្ទះរៀបចំគោលនយោបាយ យើងឲ្យបានល្អទើបយើងអាចរកទីផ្សារបាន គេត្រូវការយើង»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការខិតខំប្រឹងប្រែងស្វែងរកទីផ្សារ ទើបគេមកទិញអង្ករពីកម្ពុជា ។ មិនមែននៅសុខៗ គេមកទិញអង្ករពីកម្ពុជានោះទេ ប្រសិនជាយើងមិនស្វែងរកទីផ្សារ» ។
សម្តេចធិបតី បានបញ្ជាក់ទៀតថា «យើងត្រូវខិតខំ រួមគ្នាឲ្យក្លាយជាសហគមន៍កសិកម្មទំនើបមួយទើប ចងក្រងសហគមន៍កសិកររតូចៗ ឲ្យក្លាយជាសហគមន៍ធំមួយ»។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រឱ្យមានការរួមគ្នាជាសហគមន៍ ដោយសាមគ្គីបង្កបង្កើនផល គឺជាដីតូចដែលមិនអាចដាំដុះក្នុងលក្ខណៈជាសេដ្ឋកិច្ចមាត្រដ្ឋាន និងមិនអាចឱ្យយើងប្រកួតប្រជែងជាមួយ ប្រព័ន្ធផលិតកម្មកសិកម្មប្រទេសជិតខាង ឬពិភពលោកបានទេ។ ការរៀបជាចំសហគមន៍កសិកម្មទំនើបនឹងជួយដោះស្រាយបញ្ហាចំណេះជំនាញ ព្រោះថាសហគមន៍នឹងមានមន្ត្រីអនុវត្ត ដែលមានជំនាញពិតប្រាកដ ។
ការកសាងសហគមន៍ទំនើប ដែលមានដើមទុនវិនិយោគខ្លួនឯង នឹងជួយប្រជាពលរដ្ឋឱ្យគេចផុតពីការខ្ចីប្រាក់សម្រាប់វិនិយោគនៅក្នុងរដូវនីមួយៗ ដែលទម្ងន់នៃបំណុលនេះអាចធ្វើឱ្យកសិករជួបការលំបាកខ្លាំង ។ នៅពេលយើងកសាងសហគមន៍កសិកម្ម ដែលមានផ្ទៃដីផលិតកម្មធំ និងធ្វើរួមគ្នាបានហើយ នោះប្រជាកសិករក្នុងសហគមន៍ទាំងមូល អាចជួយគ្នាទៅវិញទៅមក និងចែករំលែកផលប៉ះពាល់ពីបញ្ហាអាកាសធាតុរួមគ្នាម្នាក់បន្តិចៗ ដោយមិនមានអ្នកខាតខ្លាំងពេក ឬអ្នកចំណេញតែម្នាក់ឯងនោះទេ៕