ពលរដ្ឋអ៊ីស្រាអែល៖ ទាមទារឲ្យរដ្ឋាភិបាលបង្កើតបទឈប់បាញ់ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ

អ៊ីស្រាអែល ៖ សមាជិកគ្រួសារនៃចំណាប់ថ្នូរ រួមទាំងក្រុមបាតុករអ៊ីស្រាអែលរាប់ពាន់នាក់ ដែលក្រុមហាម៉ាស ចាប់បានយកទៅ បានដើរដង្ហែក្បួនពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ដើម្បីជំរុញឱ្យរដ្ឋាភិបាលបង្កើតបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ ។

បន្ទាប់ពីចេញតវ៉ារយៈពេល៥ថ្ងៃ ក្រុមបាតុករបានសម្រុកទៅកាន់ទីក្រុងហ្សេរុយសាឡឹម ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅទីក្រុង Tel Aviv ដោយកាន់ទង់ជាតិអ៊ីស្រាអែល និងស្លាកសញ្ញាផ្សេងៗមានរូបថតជនរងគ្រោះ ដែលត្រូវបានក្រុមហាម៉ាសចាប់ចូលតំបន់ហ្កាហ្សា ។

នៅការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu) ពួកគេបានប្រមូលផ្ដុំគ្នា អំពាវនាវឱ្យធ្វើការងារបន្ថែមទៀត ដើម្បីដោះលែងអ្នកត្រូវចាប់ឃុំទាំងនោះ ។

យោងតាមកងកម្លាំងការពារអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស ដាក់គោលដៅយោធាអ៊ីស្រាអែល និងទីប្រជុំជននានាកាលពីថ្ងៃទី៧ ខែតុលា មនុស្សយ៉ាងហោចណាស់១.២០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែលត្រូវបានសម្លាប់ ហើយមនុស្សសរុបចំនួន ២៣៩ នាក់ ភាគច្រើនជាជនស៊ីវិលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងវាយប្រហាររបស់ក្រុមហាម៉ាស ៕